ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យកាលពីថ្ងៃទី៣១ខែធ្នូនេះលោកបានចុះទៅសាកសួរសុខទុក្ខ និង យកថវិកាទៅផ្តល់ដល់លោកមេភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោម ដែលកំពុងមានជំងឺបេះដូង។
យោងតាមប្រសាសន៍លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា នៅថ្ងៃទី៣១ខែធ្នូនេះលោកពេជ្រ កែវមុនី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យបានអញ្ជើញមកសាកសួរសុខទុក្ខដល់លោកឈួន សំអិត មេភូមិទួលរកា១ដែលកំពុងមានជំងឺបេះដូងធ្ងន់ធ្ងរ។ និងក្នុងពេលនោះដែរ លោកអភិបាលខណ្ឌក៏បានបន្តដំណើរទៅជួបសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងជីវភាពក្នុងសង្កាត់ចាក់អង្រែក្រោម។
តាមប្រសាសន៍លោកពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យបានប្រាប់កម្ពុជាថ្មីថា នៅរសៀលថ្ងៃទី៣០ខែធ្នូនេះ លោកបានទទួលព័ត៌មានពីលោកចៅសង្កាត់ចាក់អង្រែក្រោមថាលោកឈួន សំអិត មេភូមិទួលរកា១កំពុងមានជំងឺបេះដូងហើយភ្លាមនោះលោកក៏ចុះមកជួបសាកសួរសុខទុក្ខដោយផ្ទាល់ហើយម្យ៉ាងទៀតលោកមេភូមិក៏មានជីវភាពខ្វះខាតទៀតផង។
អ្វីដែលសំខាន់គឺលោកអភិបាលខណ្ឌមិនចង់ឲ្យមន្ត្រី ឬ ប្រជាពលរដ្ឋណាម្នាក់ជួបជំងឺដ៏សាហាវដូចខាងលើនេះឡើយ។ ហើយក្នុងពេលនោះដែរ លោកពេជ្រ កែវមុនី បានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់លោកជូនទៅលោកមេភូមិចំនួន១លានរៀលនិងផ្តល់ថវិកាចំនួន៨០ម៉ឺនរៀលទៀតដល់យុវជនខណ្ឌមានជ័យម្នាក់ដែលកំពុងមានជំងឺផងដែរ។ នេះជាការគិតគូរដល់សុខទុក្ខរបស់មន្ត្រីនិងប្រជាពលរដ្ឋក្នុងទឹកដីខណ្ឌមានជ័យរបស់លោកអភិបាលខណ្ឌមិនដែលមើលរំលងឡើយ៕
Source: Kampuchea Thmey Daily
0 Comments