កណ្ដាល ៖ ជនសង្ស័យបីនាក់ ត្រូវបាននគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួនចាប់វាយខ្នោះក្រោយនាំគ្នាទៅចាប់នារីម្នាក់ កំពុងអង្គុយផឹកនៅមាត់ទន្លេ បីយកទៅគុម្ពោតព្រៃធ្វើសកម្មភាពរំលោភម្នាក់ម្តងៗបានសម្រេច។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ០៨រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចគុម្ពោតព្រៃក្បែរមាត់ទន្លេមុខវត្តព្រែកស្ដី ក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដីស្រុកកោះធំ ខេត្តកណ្ដាល។
នគរបាលស្រុកកោះធំបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស គ ប អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរនៅផ្ទះ។
ជនសង្ស័យ៣នាក់ ត្រូវឃាត់ខ្លួន ទី០១-ឈ្មោះ លន ហ៊ីម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរថៅកែមេនដុតខ្មោច។ ទី០២-ឈ្មោះ ស្រ៊ិន ស្រ៊ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរកម្មករមេនដុតខ្មោច។ ទី០៣-ឈ្មោះ ចក់ ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរកម្មករមេនដុតខ្មោច។
នគរបាលស្រុកកោះធំបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ នាវេលាម៉ោង០៦ល្ងាច ជនរងគ្រោះ និងមិត្តភ័ក្ដិម្នាក់ទៀត បាននាំគ្នាជិះកង់ចេញពីផ្ទះម្នាក់មួយគ្រឿង ទៅលេងផ្ទះមិត្តភ័ក្ដិម្នាក់ទៀតនៅផ្សារព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល។ នៅទីនោះបានបន្តិចពួកគេក៏ ជិះកង់ត្រឡប់មកវិញ ពេលមកដល់ជិតវត្តព្រែកស្ដី ពួកគេក៏បានទិញស្រាបៀ ganzberg ចំនួន៤កំប៉ុង ហើយនាំគ្នាទៅផឹកនៅមាត់ទន្លេ ខាងមុខ វត្តព្រែកស្ដីដែលជាកន្លែងពួកគេធ្លាប់ទៅលេងនៅទីនោះជាញឹកញាប់។
នៅពេលដែលកំពុងផឹក ក៏ស្រាប់តែបក្ខពួកជនសង្ស័យទាំងបីនាក់ ដែលគេជួលមេនមកបូជាសពនៅក្បែរនោះ បាននាំគ្នាដើរទៅសុំផឹកជាមួយជនរងគ្រោះ និងមិត្តភ័ក្ដិរបស់ជនរងគ្រោះ ហើយជនសង្ស័យបានយកស្រាបៀរបស់ពួកគេទៅជាមួយផងដែរ។ លុះដល់ពេលកើតហេតុខាងលើ ខណៈពេលដែលមិត្តភ័ក្ដិរបស់ជនរងគ្រោះបានជិះកង់ទៅទិញទឹកអ៊ីឈីតាន់ ដោយទុកឲ្យជនរងគ្រោះនៅជាមួយនឹងបក្ខពួកជនសង្ស័យ នៅពេលនោះស្រាប់តែជនសង្ស័យ ឈ្មោះ ស្រ៊ិន ស្រ៊ បានធ្វើសកម្មភាពខ្ទប់មាត់ជនរងគ្រោះ រួចចាប់បីយកទៅកើតហេតុខាងលើត្រង់គុម្ពោតព្រៃក្បែរមាត់ទន្លេ ក៏បានដាក់នាងចុះទៅលើដីរួចធ្វើសកម្មភាព ចាប់ស្រាតខោជនរងគ្រោះចេញ ហើយរូបគេក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច បន្ទាប់មក បក្ខពួករបស់គេពីរនាក់ទៀត គឺឈ្មោះ ចក់ ណាក់ និង លន ហ៊ីម បានចូលទៅរំលោភសេពសន្ថវៈលើនារីរងគ្រោះបន្តបន្ទាប់គ្នា។
បើតាមសំដីជនរងគ្រោះប្រាប់នគរបាលឲ្យដឹងថា ពេលនោះនាងខំរើ និងស្រែកយំ តែត្រូវពួកគេយកដៃខ្ទប់មាត់ និងគំរាមសម្លាប់។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៣នាក់ ក៏បានដើរទៅកន្លែងមេនដុតខ្មោចរបស់ពួកគេវិញទៅ ចំណែកនារីរងគ្រោះ ក៏បានដើរមករកមិត្តភ័ក្ដិខ្លួន ស្របពេលនោះក៏ត្រូវបានកម្លាំងនគរបាលល្បាត មកដល់ ទើបជនរងគ្រោះបានរាយការណ៍ ប្ដឹងសមត្ថកិច្ច និងនាំទៅចង្អុលមុខជនសង្ស័យទាំងបីនាក់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ម្នាក់ម្ដងរហូតបានសម្រេចប្រាកដមែន ដោយពុំមានប្រើប្រាស់ស្រោមអនាម័យទេ ក្រៅអំពីឈ្មោះ លន ហ៊ីម ដែលបានប្រើស្រោមអនាម័យ៕
Source: Kampuchea Thmey Daily
0 Comments