Ad Code

ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ផ្តោតលើ​គោលដៅ​៤​យ៉ាង​ដើម្បី​ជម្រុះ​កីឡាករ​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ



ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​រៀបចំ​កម្មវិធី​ធ្វើតេស្ដ​សមត្ថភាព​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី​២០១៩ កាលពី​ថ្មីៗ ខណៈ​លោក សុក វាសនា គ្រូបង្វឹក​ប្រចាំ​ក្រុម​បានកំណត់​កត្តា​៤​យ៉ាង​ដើម្បី​ជ្រើស​រើសយក​កីឡាករ​ឆ្នើម​ដាក់​ក្នុង​បញ្ជី​។

​លោកគ្រូ​បង្វឹក​រូបនេះ​បន្តថា ​កត្តា​ទាំង​៤​នេះ​មានដូចជា​ទី​១​កម្លាំង​,​ទី​២​បច្ចេកទេស​, ទី​៣ កលល្បិច និង​ទី​៤ គឺ​ចិត្តសាស្ត្រ​។ កម្មវិធី​តេស្ដ​ដំណាក់កាល​ទី​២​នេះ​មាន​រយៈពេល​៤​ថ្ងៃ ដោយ​ពិនិត្យ​ទាំង​សមត្ថភាព​បេក្ខជន​ថ្មីៗ​ជាង​២០​នាក់ និង​កីឡាករ​ខ្មែរ​សល់​ពី​រដូវ​កាល​មុន​ប្រមាណ​១៣​នាក់​ទៀត ដើម្បី​ឈានទៅ​ចម្រាញ់​យក​អ្នកមាន​គុណភាព​ត្រៀម​រដូវ​កាល​ថ្មី​២០១៩​។​



​លោក សុក វាសនា បាន​ពន្យល់ថា ​៖ «​យើង​ធ្វើតេស្ដ​ដំណាក់កាល​ទី​២ ហើយ​ទាំង​កីឡាករ​ចាស់ និង​អ្នក​ចូលមក​ធ្វើតេស្ដ​ថ្មី មាន​ជាង​៣០​នាក់​។ អ៊ីចឹង​យើង​មាន​ផែនការ​ធ្វើតេស្ដ​៤​ថ្ងៃ យក​កីឡាករ​ជាង​២០​នាក់​ត្រៀម​រដូវ​កាល​ថ្មី​។ ដំណាក់កាល​ទី​២​នេះ គឺ​យើង​ពិនិត្យ​លើ​កម្លាំង​, បច្ចេកទេស​, ទី​៣ កលល្បិច និង​ទី​៤ គឺ​ចិត្តសាស្ត្រ​។ សម្រាប់​កីឡាករ​ចាស់ ប្រសិនបើ​យើង​ពិនិត្យ​មើលថា អាចមាន​សមត្ថភាព​លេង​បាន យើង​នឹង​បន្ត​ជាមួយ​ពួកគេ​។ ក្រោយ​ចម្រាញ់​បាន​កីឡាករ​ខ្មែរ​អស់ហើយ យើង​នឹង​ចាប់ផ្ដើម​រក​កីឡាករ​បរទេស​ម្ដង​ដើម្បី​បង្គ្រប់​សម្រាប់​រដូវ​កាល​ថ្មី​»​។​

​ចំពោះ​កីឡាករ​ថ្មីៗ​ដែល​ជាប់​ឈ្មោះ​ក្រោយ​ជម្រុះ​បឋម​មានដូចជា ឌុន រស្មី​, ខៀវ ប៊ុន​ហ្វុ​ង​,​គង់ និមល​,​កុយ សម្បត្តិ​,​ដេក កាក់​ឌី​កា​, ទឹម សុខា​,​ផុន សា​រ៉ា​ពេជ្រ​,​ពយ កក្កដា​,​ភុ​ន សុជាតិ​,​ម៉ៅ សំបូរ​,​មាស សម្បត្តិ​,​មុត បូរី​,​សារី អេស​ស្តា​វី​,​សាំង បញ្ញា​, សិទ្ធ ម៉េង​រិ​ទ្ធិ​,​សួន ឈុន​សេង​, សំ វណ្ណ​និ​ត​,​ហេង ប៉ោង​ឡេង​,​ឡុង បូរាណ​,​អ៊ុំ ឧ​ត្ត​ម​, សា​ស៊ីម កា​ម៉ា​ល់​។

​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប បាន​លើកឡើងថា ​កូនក្រុម​របស់ខ្លួន​កាលពី​រដូវ​កាល​២០១៨​កន្លងទៅ​នៅសល់​ប្រមាណ​ជាង​១០​នាក់​ប៉ុណ្ណោះ ដោយសារ​អ្នកខ្លះ​ផ្លាស់​ទ្រនំ​ថ្មី និង​មួយចំនួនទៀត​បានបញ្ចប់​អាជីព​។ យុវជន​ដែល​ធ្វើតេស្ត​ជាប់​ខាងលើ​នឹង​នឹង​ទទួល​អត្ថប្រយោជន៍​មួយចំនួន​ដូចជា នឹង​ក្លាយជា​កីឡាករ​របស់​ក្លិប​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត មិនតែប៉ុណ្ណោះ នឹង​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ (​រៀន​មិន​បង់ថ្លៃ​) ពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ប្រាក់ឧបត្ថម្ភ​១៥០​ដុល្លារ​អាមេរិក​ឡើងទៅ​។​

​បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ ដោយ​លទ្ធផល​ទាំង​២​ជើង ១០​ទល់​២៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu