ភ្នំពេញ ៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ បើកផ្លូវឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ ហើយកិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ហើយបានអនុម័តទាំងស្រុងលើសេចក្ដីស្នើច្បាប់នេះ ដោយសំឡេង១១៥លើ១១៥សំឡេង។
សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្ម មាត្រា៤៥ ថ្មី (ស្ទួន) នៃច្បាប់ ស្ដីពីគណបក្សនយោបាយនេះ ធ្វើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៨៧រូប និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់តុលាការឲ្យពន្លឿននីតិវិធីចំពោះបុគ្គល ដែលជាប់ពាក្យបណ្ដឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបើកឱកាសឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាល ក៏បានបង្ហាញឆន្ទៈអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។
ប្រធានក្រុមអ្នកតំណាងរាស្ត្រហត្ថលេខី លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា “ច្បាប់នេះស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាដែលជាតំណាងរាស្ត្រហត្ថលេខី ទាំងចំនួន៨៧រូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្ដួចផ្ដើមធ្វើសេចក្ដីស្នើច្បាប់នេះឡើង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ យល់ឃើញថា ច្បាប់ ស្ដីពីគណបក្សនយោបាយ ចាំបាច់ត្រូវធ្វើវិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់នីតិសម្បទាឡើងវិញ ចំពោះអ្នកនយោបាយ ដែលត្រូវបានតុលាការកំពូលសម្រេចការហាមឃាត់ការធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយដែលអ្នកនយោបាយទាំងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ។
លោកបណ្ឌិតរដ្ឋ ជាម យៀប បន្តថា ស្មារតីមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្ម ដោយបញ្ចូលនូវកថាខណ្ឌទី៣ ដែលមានខ្លឹមសារថា "បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។
ច្បាប់នេះ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទាក់ទងច្បាប់នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ថា សេចក្ដីស្នើច្បាប់នេះ ធ្វើឡើងមិនតម្រូវចំពោះតែគណបក្សណាមួយនោះទេ ប៉ុន្តែជាការសំដៅអនុវត្តចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលអាចនឹងកើតឡើងរឿងនេះនៅថ្ងៃណាមួយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា “ហេតុអ្វីក៏ត្រូវធ្វើមិនមែនសំដៅទៅលើគណបក្សនយោបាយណាមួយ ឬក្រុមណាមួយទេ ក៏ប៉ុន្តែធ្វើនេះ គឺសម្តៅលើបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថា នៅក្នុងច្បាប់ស្តីពីពន្ធនាគារអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បានហ្នឹង គឺទាក់ទងជាមួយនឹងច្បាប់អ្នកជាប់គុក គឺបើកផ្លូវឲ្យនាយកស្នើសុំទៅព្រះមហាក្សត្រ ដើម្បីរាជទានទោសនៅពេលណាក៏បានដែរ ប៉ុន្តែច្បាប់ស្តីពីបក្សនយោបាយ ដែលបក្សនយោបាយនោះត្រូវរំលាយហើយមេដឹកនាំរបស់ពួកគេត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយមិនមានច្រកណាមួយបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីធ្វើការសុំលើកលែងទេហើយជាផ្លូវច្បាប់សាលក្រមតុលាការកំពូលបិទផ្លូវតវ៉ា។ ដូច្នេះមានន័យថា អត់មានច្រកចេញតែម្តងបើចង់ឲ្យកាត់ឡើងវិញ គឺផ្ទុយនឹងសាលក្រមតុលាការកំពូល”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះមិនមែនសំដៅទៅលើក្រុមណាមួយនោះទេ គឺសំដៅដើម្បីរៀបចំដំណើរជីវិតនយោបាយ នៃគណបក្សនយោបាយទៅអនាគត។ តែក្នុងនោះ វាក៏អាចមានទាំងមនុស្សមួយចំនួនដែលត្រូវបានច្បាប់ដែលត្រូវបានតុលាការកំពូលកាត់ទោសរំលាយហាមឃាត់សិទ្ធិធ្វើនយោបាយនៅពេលនេះដែរ”។
សេចក្ដីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ថ្វីបើមិនបានបញ្ជាក់ចំឈ្មោះក៏ដោយ ប៉ុន្តែគេអាចសន្និដ្ឋានបានថា នៅពេលនេះ អ្នកនយោបាយដែលជាប់បម្រាមក្នុងការធ្វើសកម្មភាពនយោបាយនោះ គឺសំដៅដល់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ដែលត្រូវបានតុលាការកំពូលបានប្រកាសហាមធ្វើសកម្មភាពនយោបាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលអតីតគណបក្សរបស់ពួកគេក៏ត្រូវបានប្រកាសរំលាយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments