Ad Code

អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC) រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស



កំពង់ធំ ៖ អង្គការ​កម្ពុជា​ ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC) ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខួប​លើក​ទី​១២ ក្រោម​ប្រធានបទ “​រួមសហការ​គ្នា ​ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​” ក្រោម​អធិបតីភាព លោកស្រី ឡេង សុ​ក្ខី តំណាង​លោក ទូច សុខា​អភិបាលស្រុក​សន្ទុក លោក ខ្លូត ណុ​យ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត និង​លោក ធ​ង ជ្រឿ​ង ប្រធាន​អង្គការ CWCC ខេត្តកំពង់ធំ មាន​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់ នៅ​សាលាស្រុក​សន្ទុក​។​

លោក ធ​ង ជ្រឿ​ន ប្រធាន​អង្គការ CWCC ខេត្តកំពង់ធំ បាន​ថ្លែងថា គម្រោង​របស់​អង្គការ CWCC ក្រោម​ជំនួយ​ពី J.A.Clark Charitable Trust របស់​ចក្រភព​អង់គ្លេស ដែល​អនុវត្ត​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី និង​កុមារី ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​សិស្ស​បោះបង់​សាលារៀន ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រថាន អំពើ​ជួញដូរ​មនុស្ស ជាពិសេស បានផ្តល់​នូវ​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ថ្នាក់​វិទ្យាល័យ ចំនួន​១០០​នាក់ ដែលមាន​អាយុ ចាប់ពី១៤ ដល់ ២០​ឆ្នាំ ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

លោក ខ្លូត ណុ​យ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស បានផ្តល់​ជូន​នូវ​អនុសាសន៍​ល្អៗ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ប្អូនៗ​សិស្សានុសិស្ស អំពី​ល្បិច​កិចកល​របស់​ជនខិលខូច ដែល​បាន​ប្រើប្រាស់​គ្រប់​រូបភាព ដើម្បី​លួងលោម បោក​បញ្ឆោត ក្នុង​គោលបំណង​ជួញដូរ​ស្ត្រី​ភេទ និង​កុមារ​។

លើសពីនេះ កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ ក៏បាន​សហការគ្នា ប្រកបដោយ​ការយកចិត្តទុក​ដាក់​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា ដែល​យើង​កំពុង​ធ្វើជា​ប្រចាំ​ដូច​ភ្លៀងរលឹម ពីព្រោះ​ជន​ទុច្ចរិត​វា​ក៏​នៅតែ​ចាំមើល​យើង​ដែរ ដូច្នោះ​យើង​មិនត្រូវ​មានការ​ធ្វេសប្រហែស​ឡើយ​។​

លោកស្រី ឡេង សុ​ក្ខី សំណាង​អភិបាលស្រុក​សន្ទុក បាន​ថ្លែងអំណរគុណ​ដល់​អង្គការ CWCC ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ សម្រាប់​បង្កើន​ចំណេះដឹង​ជា​សាធារណជន អំពី​អំពើ​ជួញ​ដូរ​មនុស្ស និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព ជាពិសេស ស្ត្រី និង​កុមារ និង​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រថាន ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​សេចក្ដីថ្លៃថ្នូរ កិត្តិយស ក្នុង​សង្គមជាតិ​ទាំងមូល​។

​លោកស្រី​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​យកចិត្តទុកដាក់ កាន់តែ​ខ្លាំងក្លា ក្នុង​ការពារ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ពី​ភាព​រងគ្រោះ​ទាំងឡាយ ដោយ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស ដែល​បាន​បង្ក​ឲ្យ​មាន​វិនាសកម្ម​ជាថ្មី ដល់​មនុស្សជាតិ​ទៀតផង​។​

ជាមួយគ្នា​នោះដែរ លោកស្រី ឡេង សុ​ក្ខី ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​រៀនសូត្រ ដើម្បី​អភិវឌ្ឍន៍​ខ្លួន ក្លាយជា​ទំពាំង​ស្នង​ឫស្សី និង​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ សូមជួយ​ផ្សព្វផ្សាយ​អំពី​ល្បិច​កិច្ចកល​របស់​ជនខិលខូច ដែល​លួងលោម បោក​បញ្ឆោត​គ្រប់​រូបភាព ក្នុង​គោលបំណង​ជួញដូរ​ស្ត្រី និង​កុមារ និង​ចូលរួម សួរ​សំនួរ និង​ឆ្លើយ​សំនួរ ក្នុង​ពិធី​ប្រកបដោយ​បរិ​កាស​រីករាយ​។ ហើយ​ង​ចុងបញ្ចប់ គណៈអធិបតី បានផ្តល់​កិត្តិយស​បង្ហោះ​ប៉ោងៗ ដើម្បី​អបអរសាទរ ​នៃ​ទិវា​១២​ធ្នូ រួមជាមួយ​សមាជិក​ទាំ​ង​អស់​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu