ក្លឹបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីសមាជិកថ្មី១រូបទៀតជាខ្សែប្រយុទ្ធជនជាតិកួរ៉េខាងត្បូង ក្នុងបញ្ជីកីឡាករបរទេស ដើម្បីត្រៀមខ្លួនប្រកួតក្នុងរដូវកាលឆ្នាំ២០១៩ ខាងមុខ។
សមាជិកថ្មីនេះ មានឈ្មោះថា Tae Woong Kim ជាកីឡាករបរទេសសញ្ជាតិកូរ៉េខាងត្បូង មានវ័យ២៣ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ ក្នុងកិច្ចសន្យាជាមួយក្លឹបរយៈពេល១ឆ្នាំ។ ក្រោយចុះហត្ថលេខាជាមួយក្លិបភ្លាម Kim ក៏បានចូលហ្វឹកហាត់ជាផ្លូវការតែម្តង។ កីឡាករ Tae Woong Kim ធ្លាប់ជាសមាជិកនៃក្រុម Won Kwang Digital University ( ឆ្នាំ២០១៣-២០១៥ ) ឆ្នាំ២០១៥នៅស្រុកកំណើតមុនវិវឌ្ឍន៍ខ្លួនចូលលីគអាជីព ជាមួយក្លឹប Cheon Ahn City Hall FC ឆ្នាំ២០១៧ ហើយបន្តចូលរួមជាមួយ Seoul United នៃលីគទី៣កូរ៉េខាងត្បូង និងឆ្នាំ២០១៨កន្លងទៅ បានចេញមកប្រកបអាជីពជាមួយក្លិបRanong United នៅលីគទី៣ថៃ។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថាក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ប៉ុន្តែដាច់ខាតក្នុងត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ មកទល់ពេលនេះ ភ្នំពេញក្រោន មានកីឡាករបរទេស៣នាក់ហើយនៅក្នុងក្រុម បូកទាំងកីឡាករប្រេស៊ីលដែលទើបតែចុះហត្ថលេខាកាលពីសប្ដាហ៍មុន រួមមានកីឡាករ Paulo Victor ខ្សែបម្រើប្រយុទ្ធ និងអ្នកចាំទី Leonardo Oliveira Tavares។
ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
សូមបញ្ជាក់ថានៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments