ពានរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀងឈ្មោះថា«ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៤ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានធ្វើដំណើរដល់វគ្គ៨ក្រុមចុងក្រោយហើយ នៅចុងសប្ដាហ៍នេះក្រោយ ក្រោយបញ្ចប់វគ្គប្រកួតក្នុងវគ្គ១៦ក្រុម ក៏ដូចជាវគ្គ៣២ក្រុមចុងក្រោយនិងវគ្គចែកពូល។
ពានរង្វាន់ Svay Rieng Cup ឆ្នាំនេះមានក្រុមចូលរួមចំនួន៥២ក្រុមចែកជា១៣ពូលផ្សេងគ្នានៅកីឡដ្ឋានខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មួយនេះ។ សម្រាប់កម្មវិធីប្រកួតមានដូចជានៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមសៀងហៃរីហ្សត ប៉ះក្រុមអធិការនគរបាលក្រុងបាវិត នៅវេលាម៉ោង៣រសៀល ខណៈក្រុមយុវជនស្រុកស្វាយជ្រុំ ប៉ះក្រុមស.ស.យ.ក ស្រុករមាសហែកនៅម៉ោង៥ល្ងាច។ នៅអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រុមស.ស.យ.ក ក្រុងស្វាយរៀង ប៉ះក្រុមស.ស.យ.កក្រុងបាវិត នៅវេលាម៉ោង៣រសៀល និងក្រុម Blue Dragon ជួបក្រុមសុភក្តិមូទ័រ FC ជីភូ នៅម៉ោង៥ល្ងាច។
ក្រឡេកមើលកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបណ្តោះអាសន្នត្រឹមវគ្គ៨ក្រុមចុងក្រោយនេះឃើញថាកីឡាករ សូ ពៅ របស់ធារីបាវិត និងកីឡាករ វ៉ា កែវរតនៈ របស់ក្រុមស.ស.យ.ក ក្រុងស្វាយរៀង រកបានគ្រាប់បាល់២០គ្រាប់ម្នាក់ស្របពេលកីឡាករ គឹម ផល្លី របស់ក្រុម Panda FC រកបានគ្រាប់បាល់១៩គ្រាប់ ហើយកីឡាករ ជៀស ភក្រា របស់ក្រុមអធិការនគរបាលក្រុងបាវិត រកបានគ្រាប់បាល់១៨គ្រាប់និងកីឡាករ ពៅ ពិសិដ្ឋ របស់ក្រុម M.S.T FC រកបានគ្រាប់បាល់១២គ្រាប់តាមពីក្រោយ។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀងជាប់ៗគ្នា ខណៈនេះជាលើកទី៤បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធាន ស្របពេល២លើមុនដំបូង ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នានិងចុងក្រោយក្រុមក្រុមធារីលិញគួយ ជាម្ចាស់ជើងឯកម្តង៕
Source: Kampuchea Thmey Daily
0 Comments