Ad Code

សិក្ខាសាលា​ ស្ដីពី​”​ការអភិវឌ្ឍ​សមត្ថភាព​ផ្នែក​គោលនយោបាយ​បរិស្ថាន​ តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​”



ភ្នំពេញ ៖ ក្រោម​ប្រធានបទ​ ”​ការអភិវឌ្ឍ សមត្ថភាព​ផ្នែក​គោលនយោបាយ​បរិស្ថាន​ តាមរយៈ​ការ​ចែក​រំលែក​ចំណេះដឹង ​និង​បទពិសោធន៍​”​ ត្រូវបាន​លើក​យកមក​បង្ហាញ​នៅក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ​(KEI)​នា​រសៀល​ថ្ងៃទី​១៤ ​ខែធ្នូ​ ឆ្នាំ​២០១៨​។​

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សិក្ខាសាលា​ស្ដីពី ​”​ការអភិវឌ្ឍន៍​សមត្ថ​ភាព​ផ្នែក​គោលនយោបាយ​បរិស្ថាន​តាមរយៈ​ការចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​”​ គឺជា​វេទិកា​វិទ្យាសាស្ត្រ​ចំហ​ ដែល​នឹង​ផ្តល់នូវ​ធាតុ​ចូល​កាន់តែច្រើន​ដល់​រាជបណ្ឌិត្យសភាកម្ពុជា​ ដើម្បី​ចូលរួមចំណែក​ជាមួយ​បណ្ដា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នានា ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​កែលំអ ​និង​កិច្ច​គាំពារ​បរិស្ថាន។​

ប្រធានបទ​ដ៏​សំខាន់​ចំនួន​ពីរ ដែល​បានជ្រើសរើស​ចេញពី​ប្រធានបទ​ចំនួន​៥​ នៃ​កម្មវិធីសិក្សា​គោល​នយោបាយ​បរិស្ថាន​នៅ​កម្ពុជា​ ឆ្នាំ​២០១៨​នេះ​ គឺ​១​-ការគ្រប់គ្រង​តំបន់​ការពារ​ និង​ឧទ្យាន​ជាតិ។ ​២- ការ​គ្រប់គ្រង​កាកសំណល់​រាវ ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​។​

លោក​បណ្ឌិត យង់ ពៅ បានបញ្ជាក់​បន្ថែមថា លទ្ធផល​ដែល​កើតចេញពី​អង្គសិក្ខាសាលា​នេះ​រួមមាន​កិច្ចសហការ​ល្អ​ និង​ការចូលរួម​ពី​សំណាក់​សិក្ខាកាម​ ដែល​បាន​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ ចាប់ពី​ថ្ងៃទី​១៤​វិច្ឆិកា ​ដល់​ថ្ងៃទី​១០ ​ខែធ្នូ ​ឆ្នាំ​២០១៨​។​

កិច្ចសហការ​ដ៏​ល្អ​រវាង​ផ្នែក​បណ្ណាល័យ​ និង​បោះពុម្ពផ្សាយ ​និង​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ ក្នុង​ការ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ និង​អ្នក​ពាក់ព័ន្ធ​នានា​ ដើម្បី​យល់ដឹង​ពី​កម្មវិធី​បរិស្ថាន​។​

កិច្ច​គាំទ្រ​ពី​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ការងារ​បរិស្ថាន ជាមួយនឹង​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​បាន​គាំពារ​យ៉ាង​ពេញទំហឹង​ក្នុង​កិច្ចការ​ពារ​បរិស្ថាន​ទាំង​ក្នុង​កម្រិត​ជាតិ ​និង​អន្តរជាតិ​។​

គួរបញ្ជាក់​បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា​ និង​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ​(KEI)​ បាន​ព្រមព្រៀងគ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ក្នុង​ការ​លើក​កម្ពស់​ការស្រាវជ្រាវ​រួមគ្នា​។​

ចាប់តាំងពី ឆ្នាំ​២០១២ ​រហូតដល់​បច្ចុប្បន្ន ស្ថាប័ន​ទាំងពីរ​បាន​សហការ​គ្នា​ លើ​ការស្រាវជ្រាវ​រួមគ្នា ការ​រៀបចំ​សិក្ខាសាលា​កសាង​សមត្ថភាព សន្និសីទ​អន្តរជាតិ ការ​បោះពុម្ព និង​កម្មវិធីសិក្សា​គោល​នយោបាយ​បរិស្ថាន​តាម​ប្រព័ន្ធ​អន​ឡាញ​។​

ជាមួយគ្នានេះ​ ភាគី​ទាំងពីរ​ បាន​ព្រមព្រៀងគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គាំទ្រ​ ដល់​ដំណើរការ​កម្មវិធី​សិក្សា​គោលនយោបាយ​បរិស្ថាន​តាម​ប្រព័ន្ធ​អន​ឡាញ ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៦​ និង​បាន​បន្ត​រហូតមកដល់​ឆ្នាំ​២០១៨​នេះ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu