អ្នកចាំទី ហែម ស៊ីម៉ៃ ក្នុងក្លិបអង្គរថាយហ្គឺរ (Angkor Tiger FC) ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានរងរបួសអំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីពេលថ្មីៗ ខណៈរបួសនេះនឹងរំខានដល់ការបញ្ចេញសមត្ថភាពមុនស្វាគមន៍រដូវកាលឆ្នាំ២០១៩ ខាងមុខ។
កីឡាករ ហែម ស៊ីម៉ៃ ដែលជាកីឡាករបាល់ទាត់ផងនិងជាថៅកែហាងលក់សម្ភារៈកីឡាឈ្មោះថា «Tiger Sport» នេះបានលើកឡើងថា ៖ «តាមពិតរបួសនេះវាជាម្តងហើយ ប៉ុន្តែខ្ញុំហ្វឹកហាត់១ អាទិត្យចុងក្រោយនេះទៅឈឺវិញ។ តាមការប្រាប់ពីគ្រូពេទ្យ ខ្ញុំត្រូវព្យាបាល និងសម្រាករហូតដល់ដើមខែមករា ខាងមុខទើបអាចចូលហ្វឹកហាត់បានឡើងវិញ»។ យ៉ាងណាក្តីកីឡាករវ័យ៣០ឆ្នាំរូបនេះទើបតែបន្តកិច្ចសន្យាជាមួយក្លិបមួយរដូវកាលទៀតកាលពីពេលថ្មីៗ ហើយរូបគេតាំងចិត្តធ្វើឱ្យបានល្អឱ្យអស់ពីលទ្ធផលនៅរដូវកាលថ្មីខាងមុខ។
កីឡាករ ហែម ស៊ីម៉ៃ បានចាប់អាជីពជាកីឡាករបាល់ទាត់តាំងពីឆ្នាំ២០០៤ មកម្ល៉េះដោយកាលនោះជាសមាជិកក្នុងក្លិបបៀលប្រាយយូណាយធីត ហើយរហូតដល់ឆ្នាំ២០១២ រូបគេបានផ្លាស់ទៅលេងក្នុងក្លិបគីរីវង់សុខសែនជ័យ មុនចាកចេញទៅចូលរួមជាមួយក្រុមអាស៊ីអឺរ៉ុប នៅឆ្នាំបន្ទាប់។ នៅឆ្នាំ២០១៤ រូបគេបានចូលរួមជាមួយក្រុមត្រាយអាស៊ីភ្នំពេញ មុនប្ដូរឈ្មោះមកជាខេមបូឌានថាយហ្គឺរ នៅឆ្នាំ២០១៥ កន្លងទៅ។ ក្រៅពីនេះរូបគេធ្លាប់ជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងទៅផងដែរ។ កីឡាកររូបនេះ ធ្លាប់ឈ្នះពានរង្វាន់អ្នកចាំទីល្អនៅឆ្នាំ២០០៩ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ផងដែរ។
ទោះបីខ្លួនជាកីឡាករមែន តែកីឡាករ ហែម ស៊ីម៉ៃ ធ្លាប់បានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកគ្រូបង្វឹកអ្នកចាំទីកម្រិតអន្តរជាតិ (MA FIFA Goalkeeping Coaching Course) នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្រោមការបង្ហាត់បញ្ហាពីគ្រូឧទ្ទេសបរទេសផងដែរ៕
Source: Kampuchea Thmey Daily
0 Comments