ភ្នំពេញ ៖ បន្ទប់ធ្វើពីឈើប្រក់ស័ង្កសីនៅខាងលើដំបូលផ្ទះល្វែងមួយល្វែង ដែលម្ចាស់បានចាក់សោចោល ត្រូវបានអគ្គិភ័យលេបត្របាក់អស់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៣៧H ផ្លូវលំ ជាប់ខាងក្រោយរបងវិទ្យាល័យឥន្ទ្រទេវី ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺបានចាក់សោទុកចោល ដោយមិនមានអ្នកនៅនោះទេ ព្រោះម្ចាស់ផ្ទះពីមុនបានលក់ផ្ទះខាងលើឲ្យទៅគេ ហើយនៅមុនពេលកើតហេតុនេះ គេបានឃើញស្ត្រីម្នាក់ ត្រូវជាកូនស្រីរបស់អតីតម្ចាស់ផ្ទះ បានឡើងតាមជណ្ដើរនៅចំហៀងផ្ទះចូលទៅសម្រាកនៅក្នុងបន្ទប់ឈើប្រក់ស័ង្កសី ទំហំប្រមាណ២ម៉ែត្រគុណនឹង៥ម៉ែត្រនោះ ហើយក្រោយមកប្រមាណមួយម៉ោងស្ត្រីខាងលើនោះ បានដើរចុះមកចេញពីកន្លែងកើតហេតុបាត់ទៅ។ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានធុំក្លិនឈ្ងៀម និងមានផ្សែងចេញពីបន្ទប់ដែលនៅខាងលើដំបូលផ្ទះកើតហេតុខាងលើ និងមានជាអណ្ដាតភ្លើងឆេះចេញមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់៤ទៅ៥បំពង់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ ភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍ ដោយក្នុងនោះមានទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកចំនួន៥គ្រឿង និងបានធ្វើការបាញ់ទឹកពន្លត់អស់ចំនួនបីគ្រឿង ទើបភ្លើងបានរលត់ទៅវិញជាស្ថាពរ។
បើតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យ គឺមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះ គឺឆេះតែបន្ទប់ខាងលើរងការខូចខាតទាំងស្រុង ហើយក្នុងករណីនេះ ជំហានដំបូង សមត្ថកិច្ចសណ្ឋានថាគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
Source: Kampuchea Thmey Daily
0 Comments