ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ទៅកាន់សមាជិកនាអង្គប្រជុំថាផ្លូវជាច្រើន ដែលរងការខូចខាតកន្លងមកនេះនឹងត្រូវធ្វើការស្ថាបនាថ្មីនៅដើមឆ្នាំ២០១៩នេះ ហើយក្រោមថវិការបស់សាលារាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌមានប្រសាសន៍ខាងលើនេះ គឺនៅក្នុងសម័យប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សា ខណ្ឌច្បារអំពៅអាណត្តិទី២ ដែលប្រព្រឹត្តិធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ក្រោមអធិបតីភាពលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដោយមានការចូលរួមពីលោកអធិការលោកមេបញ្ជាការអាវុធហត្ថខណ្ឌលោកចៅសង្កាត់ទាំង៨។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ថា តាមគំរោងផែនការរបស់សាលារាជធានីភ្នំពេញគឺបានដាក់ចេញនូវការជួសជុលផ្លូវ ដែលរងការខូចខាតកន្លងមកឲ្យបានល្អស្អាតឡើងវិញទាំងអស់ហើយនិងចាប់ផ្តើមនាដើមឆ្នាំ២០១៩នេះ។ ហើយផ្លូវដែលរងការខូចខាត គឺអាជ្ញាធរបានស្ថាបនាតាំងពីឆ្នាំ២០១០មកម្ល៉េះ។
ទន្ទឹមនឹងការស្ថាបនាផ្លូវសាលារាជធានីភ្នំពេញ ក៏រៀបចំជីកដាក់ប្រព័ន្ធលូបង្ហូរទឹកនៅតាមបណ្តាផ្លូវដែលធ្វើការស្ថាបនា ព្រោះបើសិនជាពុំមានប្រព័ន្ធលូបង្ហូរទឹក គឺនិងមានផលលំបាកនៅថ្ងៃក្រោយឧទាហរណ៍ផ្លូវកោះនរា និង ផ្លូវតាង៉ូវ និងមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងជីកដាក់ប្រព័ន្ធលូដូចជាផ្លូវកោះនរាជាដើម។ ដូច្នេះផ្លូវទាំងអស់ និង ត្រូវមានបណ្តាញលូបង្ហូរទឹកទើបមិនបង្កផលលំបាកដល់ប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments