Ad Code

ប្ដី​ហាម​មិន​ឲ្យ​ ​ស្លៀកពាក់​​​ខ្លី​ពេក ​ប្រពន្ធ​ខឹង​ខ្លាំង​ចាក់​ប្តី​២​កាំបិត​​​របួសធ្ងន់



បន្ទាយមានជ័យ ​៖ ​​បុរស​ជា​ប្តី​ ត្រូវ​នាង​ជា​ប្រពន្ធ​ចាក់​២​កាំបិត​ចិត​បន្លែ​ចំក្បាល និង​ក ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ គ្រាន់តែ​រឿង​​​ហាម​​​ប្រពន្ធ​មិន​ឲ្យ​ស្លៀកពាក់​ខើច​ខ្លី​ពេក នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​បោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ ផាត់ អឿ​ម អាយុ​២៣​ឆ្នាំ ចំណែក​ជន​ដៃដល់​ជា​ប្រពន្ធ​ឈ្មោះ ភាព ពៅ​ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅមុន​កើតហេតុ​គ្រួសារ​មួយ​នេះ ​បាន​ផ្ទុះ​ជម្លោះ​នឹង​គ្នា គឺ​បុរស​ជា​ប្តី​ហាម​មិន​ឲ្យ​ប្រពន្ធ​ស្លៀកពាក់​ខើច ឬ​ខ្លី​ពេក ខ្លាច​អ្នកស្រុក​ពេបជ្រាយ តែ​នាង​ជា​ប្រពន្ធ​ខឹង​ក៏​ផ្ទុះ​ជា​ជម្លោះ​ឡើង​ ឈានដល់​ចាក់​ប្តី​២​កាំបិត​ឲ្យ​របួសធ្ងន់​តែម្តង។

ស្ត្រី​ជា​ម្តាយ​ជនរងគ្រោះ​ដែល​ដឹក​បញ្ជូន​កូន​ចូល​មន្ទីរពេទ្យ​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ករណី​ហិង្សា​ក្នុង​គ្រួសារ​ កូន​គាត់​កើតមាន​ញឹកញយ ហើយ​កាល​លើក​មុន ​នាង​ជា​ប្រពន្ធ​ក៏​ធ្លាប់​កាប់​ប្តី​ឲ្យ​របួស​ម្តង​ដែរ។ យ៉ាងណាក៏ដោយ​ក្រោយ​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ​បាន​ចុះទៅ​ចំណុច​នោះ​ភ្លាម ​​ដើម្បី​សួរនាំ​រក​មូលហេតុ។

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា ​ករណី​ខាងលើ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ប៉ុន្តែ​មិនបាន​ប្រាប់​លម្អិត​ពី​ដំណើររឿង​ទាំងស្រុង​នោះ​ទេ ហើយ​ថា​ស្ត្រី​ដៃដល់​ពេលនេះ​ កំពុង​សាកសួរ​នៅឡើយ។ គេ​គិតថា បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ អាច​បុរស​ជា​ប្តី​កើតរោគ​ប្រចណ្ឌ ឬ​រករឿង​ប្រពន្ធ​ទើប​កើតមាន​អំពើហិង្សា​ឡើង ក៏មានដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu