ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធបានថ្លែងនូវការសាទរចំពោះក្រុមហ៊ុន ឯកជនចិនដែលគ្រោងរៀបចំវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជាហើយថែមទាំងផ្ដល់នូវជម្រើសល្អៗ២សម្រាប់សហការវិនិយោគក្នុងចក្ខុវិស័យវែងឆ្ងាយ។
នេះជាការថ្លែងលើកឡើងកាលពីម្សិលមិញរបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងកិច្ចប្រជុំ និងស្តាប់របាយការណ៍អង្កេតពីប្រតិភូក្រុមហ៊ុន TBEA C.,Ltd នៃប្រទេសចិន ដឹកនាំដោយលោក Zhou Fengzhang នាយកគ្រប់គ្រងទីផ្សារអន្តរជាតិ នៅទីស្តីការក្រសួង។
លោក Zhou Fengzhang បានលើក ឡើងពីប្រវត្តិ និងប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនៅក្នុងស្រុក និងលើពិភពលោក ទៅលើមុខជំនាញ ក៏ដូចជាកម្មវត្ថុអាជីវកម្មរបស់ខ្លួន ដែលផ្តោតសំខាន់ទៅលើវិស័យ ទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញជាដើម។ ទាក់ទងនិងប្រតិបត្តិការនៅប្រទេសកម្ពុជា លោក ប្រធានប្រតិភូ បានលើកបង្ហាញពីលទ្ធផលអង្កេតស្រាវជ្រាវអំពីបញ្ហាទឹកស្អាតនៅតំបន់គោលដៅចំនួន០៦ ខេត្ត នៅប្រទេសកម្ពុជា រួមមាន ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញនូវលទ្ធផលនៃការអង្កេតរបស់ខ្លួន ទៅលើការកំណត់សូចនាករ មួយចំនួន ដូចជា៖-តម្រូវការប្រើប្រាស់ទឹកគិតជាលីត្រក្នុងមនុស្សម្នាក់- ការ ប៉ាន់ប្រមាណការកើនឡើងចំនួនប្រជាពលរដ្ឋក្នុងឆ្នាំ ២០៣០-តម្រូវការ ប្រើប្រាស់ទឹក -សមត្ថភាពផ្គត់ផ្គង់ទឹក -កង្វះខាតទឹក និងលទ្ធភាពនៃការកសាងរោងចក្រប្រព្រឹត្តិកម្មទឹកដែល មានសមត្ថភាពខ្ពស់ ជាដើម ។ ក្រៅ ពីនោះតំណាងក្រុមហ៊ុន ក៏បានលើក ឡើងពីតម្រូវការទុន និងទម្រង់នៃការវិនិយោគផងដែរ។
លោក កិត្តិសេដ្ឋាបណ្ឌិតទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអង្កេតរបស់ក្រុមហ៊ុន និងបានផ្តល់ជម្រើសពីរសម្រាប់ក្រុមហ៊ុនយកទៅពិគ្រោះពិចារណា គឺទី១៖ អាចសហការវិនិយោគផលិតទឹកស្អាត សម្រាប់លក់ដុំ និងទី២៖ ការវិនិយោគតាមទម្រង់ BOT គឺសាងសង់ ប្រតិបត្តិការ និងផ្ទេរ ដែលជាការវិនិយោគ រយៈពេលវែង។
តំណាងក្រុមហ៊ុនចិន បានបង្ហាញនូវជំហរគាំទ្រ ហើយនឹងយកការផ្តល់ជម្រើសទាំងពីររបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ទៅពិគ្រោះយោបល់ផ្ទៃក្នុងនិងសម្រេច នាពេលខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments