ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ដែលបានសម្រេច នៅក្នុងឆ្នាំ២០១៨ នេះ ទឹកប្រាក់នាំចេញក្រោមប្រព័ន្ធអនុ គ្រោះ ពន្ធមានចំនួន ១៣ពាន់លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០១៧។
ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពខ្ពស់ ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជា ដែលមានកំណើនរៀងរាល់ឆ្នាំ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ទឹកប្រាក់នាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធមានចំនួន ១៣ពាន់លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០១៧។
លោកបន្តថា «កំណើនពាណិជ្ជកម្មគួរឲ្យកត់សម្គាល់នេះ មិនអាចកាត់ផ្តាច់បានពីការរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម តាមរយៈការខិតខំធ្វើសកម្មភាពពាណិជ្ជកម្មទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គពិធី អំពីទិសដៅការងារសំខាន់ៗមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដែលក្រសួងត្រូវបន្តអនុវត្តន៍ នៅក្នុងឆ្នាំ២០១៩ សំដៅប្រែក្លាយវិស័យពាណិជ្ជកម្ម ឲ្យទៅជាវិស័យឈានមុខ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម រហូតធ្វើឲ្យក្រសួងសម្រេចបាននូវសមិទ្ធផលគាប់ប្រសើរក្នុងឆ្នាំ២០១៨ និងបានសំណូមពរដល់មន្ត្រីក្រោមឱវាទ បន្តយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងប្រសិទ្ធភាពការងារ និងការចូលរួមអនុវត្តកំណែទម្រង់នានា ដូចជារចនាសម្ព័ន្ធគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ព្រមទាំងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាទំនើប។
សូមជម្រាបថា តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបានទទួលជោគជ័យលើការបើកទីផ្សារ និងនាំចេញទំនិញទៅកាន់ប្រទេសចំនួន ១៤៧ ក្នុងពិភពលោក។ ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ ជាមួយបណ្តាប្រទេសនានា សម្រេចបានទំហំទឹកប្រាក់ ២៤,៩៨៥លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម ២៣,៧៩៦លានដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments