Ad Code

ផ្លូវជាតិ​លេខ​៤៨​ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​-​ទី​រួម​ខេត្ត​កោះកុង ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល​ជា​ស្ថាពរ​



កោះកុង ៖ កាលពី​ថ្ងៃ​ពុធ ៥​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ជិះ​កង់​ពិនិត្យ គុណភាព​ នៃ​ការ​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤៨ បន្ទាប់ពី​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​នេះ​ត្រូវបាន​បញ្ចប់​ទាំង​ស្រុង​។

ផ្លូវ​នេះ​មាន​ប្រវែង សរុប​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្ត​កោះកុង ដែល​ក្នុងនោះ​កំណាត់​ផ្លូវ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ផ្លូវ​នេះ​ត្រូវបាន​ជួសជុល​ចប់សព្វគ្រប់​១០០%​ហើយ តាម​ការសន្យា ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ និង​ដឹកទំនិញ​ទៅកាន់​ទីផ្សារ​កាន់តែ​ឆាប់រហ័ស ជាពិសេស​ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​ អាចធ្វើ​ដំណើរ​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​លើ​ទឹកដី ខេត្ត​កោះកុង ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​។​

ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែម​ថា ផ្លូវ​នេះ​នឹងត្រូវ​ស្តា និង​លើក​កម្រិត​គុណភាព​ពី DBST ទៅជា​ផ្លូវ​បេតុង កៅស៊ូ (AC) ពី ១០​ម៉ែត្រ​ទៅ​១១​ម៉ែត្រ ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ (EDCF) ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ​២០២០​នេះ។​

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អំពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។

កម្មវិធី​លើ​ស្មា​ត​ហ្វូ​ន​នេះ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ថត​រូបភាព​ជង្ហុក​សំបុក​មាន់​ផ្ញើ​មក​កាន់​ក្រុមការងារ​ក្រសួង ដើម្បី​ចុះទៅ​ជួសជុល បាន​ទាន់ពេលវេលា បង្ការ​កុំ​ឲ្យ​ខូច​រាលដាល​កាន់តែ​ធំ​។

ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន សូមកុំ​ផ្ទុក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បណ្ដាល​ឲ្យ​ឆាប់​ខូច​ផ្លូវ និង​ខាតបង់​ថវិកាជាតិ ដែល​រាជរដ្ឋាភិបាល​ខិតខំ​រក​បាន​ដោយ​លំបាក​យក​មក​កសាង​ផ្លូវ និង​បាន​ក្រើនរំលឹក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ឲ្យ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ និង​ជួយ​ថែរក្សា​ផ្លូវ​របស់​យើង​ឲ្យ​ប្រើ​ប្រាស់​ជាប់​បាន​យូរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu