Ad Code

កម្មករ កម្មការិនី ក្រុមហ៊ុន​ស៊ិន​ទ្រី និង​កម្មករ កម្មការិនី​នៃ​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ​ជាង​២០០០​នាក់​ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា



ភ្នំពេញ​ ៖ ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន ដែល​ជា​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា របស់ កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​ផ្តល់ជូន​ដល់ក​ម្មករ កម្មការិនី របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី និង​កម្មករ កម្មការិនី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សរុប​ចំនួន​២២៦៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈ​លោកស្រី​ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។



តាម​របាយការណ៍​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ,២២ ,២៣ ខែវិច្ឆិកា​កន្លង​ទៅ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយរីករាយ​និង​អធិកអធម​យ៉ាង​ក្រៃលែង ដែល​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ប្រមាណ​ជិត​៤​លាន​៥​សែន​នាក់ បាន​កើនឡើង​១៨,​ង​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​កន្លងទៅនេះ​។



លោក​បន្ត​ថា ក្នុង​នោះ​ចំពោះ​អនាម័យ​បរិស្ថាន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ សំរាម​ប្រមូល​បាន​លឿន​ជាង​ឆ្នាំមុន និង​មាន​រហូតដល់​៨​ពាន់​៣២១​តោន កើនឡើង​ជាង​២​ពាន់​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​នេះ​ដែរ​។ ការ​ប្រមូល​និង​គ្រប់គ្រង​សំរាម​ដ៏​ច្រើន​បែបនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀប​ចំ​ដាក់ចេញ​នូវ​កម្មករ​គ្រប់ផ្នែក សរុប​២២៦៥​នាក់​ដើម្បី​ធ្វើការ​ប្រមូល​វិច​ខ្ចប់ ដឹកជញ្ជូន​សំរាម លៀង​សំអាត​ផ្លូវ និង​ថែទាំ​សួនច្បារ​ក្រោយពី​បញ្ចប់​ពិធី​ជា​រៀងរាល់ថ្ងៃ​។ ការងារ​នេះ​អាជ្ញាធរ​មូលដ្ឋាន បងប្អូន​កម្មករ​កម្ម​ការិនី​យើង បាន​លះបង់​ពេលវេលា​ក្នុងការ​សម្រាក​ពេលយប់ ដើម្បី​បំពេញការងារ​ឲ្យ​បាន​ទាន់​ពេល​វេលា ធ្វើ​ឲ្យ​បញ្ហា​អនាម័យ​បរិស្ថាន មាន​ភាព​ល្អប្រសើរ​ជាង​បណ្តា​ឆ្នាំ​កន្លង​មក និង​ទទួល​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន។ យ៉ាងណាមិញ​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​បង​ប្អូន​បុគ្គលិក​កម្មករ ដែល​បាន​ខំ​ប្រឹងប្រែង​ធ្វើ​អនាម័យ​បរិស្ថាន​នៅថ្ងៃនេះ កាកបាទក្រហមកម្ពុជា ស្នាក់ការ​កណ្តាល បានផ្ដល់​អំណោយ​មនុស្សធម៌ ដើម្បី​ចែកជូន​ដល់​បងប្អូន​កម្ម​ករក​ម្ម​ការិនី​យើង តាមរយៈ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ នឹង​អាចជួយ​សម្រួល​ការ​លំបាក​និង​ខ្វះខាត​ជីវភាព​របស់​បងប្អូន​កម្មករ​កម្មការិនី បាន​មួយកម្រិត និង​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​របស់​បងប្អូន​បុគ្គលិក​កម្មករ​កម្ម​ការ​នី​យើង​ផងដែរ​។ យើង​ទាំងអស់​គ្នា ក្នុងនាម​ជា​កម្មករ​កម្មការិនី​និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ពិត​ជា​មាន​ក្តី​រំភើប​រីករាយ​ឥតឧបមា​សូម​គោរព​ដឹងគុណ​ជូន​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែបាន​យកចិត្តទុកដាក់ និង​ដាក់​ជាប់​មនោសញ្ចេតនា រួមសុខ​រួមទុក្ខ​ជាមួយនឹង​បងប្អូន​ប្រជាពល​រដ្ឋ​គ្រប់​ទីកន្លែង គ្រប់​កាលៈទេសៈ​ស្របតាម​ទិសដៅ​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។



នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្ម​ការ កម្មការិនី ទាំង​២​ស្ថាប័ន លោកស្រី ឃួន សុ​ដា​រី បាន​សំដែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ ស្និទ្ធស្នាល ព្រមទាំង​បាន​ពាំ​នាំនូវ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​យើង​ទាំងអស់ ដែល​បំពេញ​មុខនាទី​សម្រាប់​ធ្វើ​អនាម័យ​បរិស្ថាន​សម្រាប់​រាជធានី​ភ្នំពេញ ហើយ​ការ​ផ្តាំផ្ញើ​គឺ​ប្រកបដោយ​ក្តី​នឹករលឹក ក៏ដូចជា​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​បងប្អូន​កម្មករ​កម្មការិនី​យើង ដោយ​បាន​ថ្លែងអំណរគុណ​ដូចជា​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​កម្មករ​កម្មការិនី ផ្នែក​អនាម័យ បរិស្ថាន ទាំង​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​កម្មករ​កម្មការិនី​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ដោយ​បងប្អូន​បាន​បំពេញការងារ​មួយ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ បាន​ពលី​កម្ម ដោយ​យក​សុខភាព​របស់​ខ្លួន ប្ដូរ​ជាមួយនឹង​សុខភាព​របស់​អ្នកដទៃ ពិសេស​គឺ​ការចូលរួម​ដើម្បី​ធ្វើ​ឲ្យ​សោ​ភ័​ណ្ឌ​ភាព​របស់​រាជធានី​ភ្នំពេញ ដែលជា​បេះដូង ជា​មជ្ឈមណ្ឌល​នយោបាយ​វប្បធម៌ សេដ្ឋកិច្ច របស់​ប្រទេសជាតិ មាន​ភាព​ស្រង់​បំព្រង​។



លោកស្រី ឃួន សុ​ដា​រី ក៏បាន​លើកឡើង​ដែរ​ថា ​នៅសល់​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រាជធានី​ភ្នំពេញ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នឹង​ចូលរួម​អបអរ​នៅក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដែលជា​នយោបាយ​ផ្តួច​ផ្តើម​គំនិត ឡើង​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​ដោយសារ​នយោបាយ​នេះ ហើយ​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ​យើង ព្រោះ​បើ​គ្មាន ៧​មករា​គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ ប្រទេសជាតិ​យើង ក៏​មិនមាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះដែរ​។

លោកស្រី​ឃួន សុ​ដា​រី បាន​លើក​ឡើង​ដែរ​ថា តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា ឃើញថា​កម្មករ​កម្មការិនី​ទាំងអស់ គឺ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន នៅ​ក្នុងនោះ​ប្រាក់បៀវត្ស ក៏​ទទួល​បាន​ការ​កើនឡើង​ជា​លំដាប់ រួម​នឹង​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សុខភាព​ជា​បន្តបន្ទាប់ ពិសេស​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ និង​ការឆ្លង​ទន្លេ ដែល​នេះ​គឺជា​ការជំរុញ​គោលនយោបាយ​សមភាព​យេនឌ័រ​រវាង​បុរស​និង​ស្ត្រី​។



សូម​បញ្ជាក់​ថា កម្មករ កម្មការិនី របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី និង​កម្មករ កម្មការិនី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សរុប​ចំនួន​២២៦៥​នាក់ គឺ​ក្នុង​ម្នាក់ៗ​ទទួល​បាន​អំណោយ​អង្ករ​៣០​គីឡូក្រាម មី​១​កេះ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​និង​ថវិកា​១០​ម៉ឺន​រៀល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu