Ad Code

សំណុំរឿង​ លួច​ប្រាក់​ជាង​៣​លាន​ដុល្លារ តុលាការ​កំពូល​ដោះលែង​ឪពុក កូន កូរ៉េ​២​នាក់​



​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្រុមប្រឹក្សាតុលាការ​កំពូល​បានសម្រេច​ដោះលែង​ឪពុក កូន ជនជាតិ​កូរ៉េ​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឆបោក និង​លួច​ប្រា​ក់ជាង​៣​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ចិន​មួយ។​

ប្រភព​ព័ត៌មាន​ពី​តុលាការ​កំពូល​បានឲ្យ​ដឹង​នា​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា លោក​ ឃឹម ប៉ុន អនុ​ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ បានសម្រេច​ដោះ​លែង​ឪពុក និង​កូន​ជនជាតិ​កូរ៉េ ២​នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ ប៉ុន្តែ​បាន​ភ្ជាប់​នូវ​លក្ខណៈ​មួយចំនួន​ដូចជា ដកហូត​លិខិតឆ្លងដែន​រក្សាទុក​ជា​បណ្ដោះអាសន្ន ហាម​មិនឲ្យ​ចេញពី​ដែនដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បង្ហាញមុខ​ក្នុង​រយៈពេល​២​សប្ដាហ៍​ម្ដង និង​ត្រូវ​ចូលខ្លួន​តាម​ការ​កោះហៅ​រ​បស់​តុលាការ​ជាដើម។​

ជនជាតិ​កូរ៉េ​ ដែល​ត្រូវ​តុលាការ​កំពូល​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទី​១.​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រស​អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313។​ ទី​២.​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

តុលាការ​កំពូល ​កាលពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​លើកយក​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ឪពុក​កូន​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ផង និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​ប្រមាណ​ជាង​៣​លាន​ដុល្លារ។​

នៅក្នុង​អង្គ​សវនាការ ​ដែល​ដឹកនាំ​ដោយ​ លោក​ ឃឹម ប៉ុន អនុប្រធាន​តុលាការ​កំពូល ជនជាប់ចោទ​ទាំង​២​នាក់​ឪពុក​កូន​ បាន​ប្រាប់​តុលាការ​ពី​មូលហេតុ​សុខភាព និង​ការ​នឹករលឹក​ស្រុកកំណើត​របស់​ខ្លួន​ ទើប​សុំ​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ។​

មេធាវី​តំណាង ​ដោយ​អាណិត​របស់​ដើមបណ្ដឹង​បានលើកឡើង​ថា​ ការប្រព្រឹត្ត​បទល្មើស​របស់​ជន​ជាប់​ចោទ​មាន​ព្យសនកម្ម​យ៉ាង​ធំ​ដល់​ជនរងគ្រោះ ​ដែលមាន​ទឹកប្រាក់​រហូត​ដល់​ជាង​៣​លាន​ដុល្លារ បើ​គ្រាន់តែ​មូលហេតុ​នឹក​ស្រុកកំណើត​ ហើយ​សុំ​ឲ្យ​តុលាការ​ដោះលែង​ត្រឡប់​ទៅ​ស្រុក​វិញ ចុះ​ព្យសនកម្ម​នរណា​ទទួល​ខុសត្រូវ?
​សូម​បញ្ជាក់​ថា ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាល​ព្រឹក​ថ្ងៃទី​១២​ ខែ​តុលា ឆ្នាំ​២០១៨ បានសម្រេច​បដិសេធ​មិន​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​២​នាក់ ​ជា​ឪពុក​កូន​នៅក្រៅ​ឃុំ​នោះទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី ឆបោក ​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់សាច់​ប្រាក់​ជាង​៣​លាន​ដុល្លារ។​

ការសម្រេច​នេះ​ តុលាការ​ សម្អាង​ហេតុ​ថា សំណុំរឿង​ក្ដី​នេះ​ កំពុង​ស្ថិតក្នុង​នីតិវិធី​ស៊ើបសួរ​របស់​តុលាការ​ថ្នាក់ក្រោម​ ហើយ​ព្យសនកម្ម​មាន​ទំហំ​ធំ​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ឡើយ។​

ក្នុង​នីតិវិធី​សវនាការ​របស់​សភា​ស៊ើបសួរ​ នៃ​សាលាឧទ្ធរណ៍​នេះ​ គឺ​មិន​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ​ទាំង​២​នាក់​នោះទេ។​

កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ ជា​ឪពុក ​និង​កូន ​ពីបទ​ឆបោក និង​បទ​លួច ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ទិញ​រថយន្ត​ការពារ​គ្រាប់​ និង​លួច​លុយ​ក្រុមហ៊ុន​ចិន​ជាង​៧​លាន​ដុល្លារ។​ ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ​ក៏ត្រូវ​បាន​ លោក យិន សារឿន ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​។​

សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចាប់បញ្ជូន​ខ្លួន​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ ឪពុក​ និង​កូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែកញ្ញា ឆ្នាំ​២០១៨ ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់សាច់​ប្រាក់​ជាង​៧​លាន​ដុល្លារ​។​

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ ទី​១.​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រស​ អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េ​ខាង​ត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313។ ទី​២.​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។​

ចំណែក​ជនរងគ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន ​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន​Shenyang Aiweiou Healfh Products Co ltd មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ​។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​អយ្យការ​អម​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុម​ហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជនជាតិ​កូរ៉េ​ ពីបទ​ឆបោក មាន​ទឹកប្រាក់​ចំនួន​២៩២.០៤៥​ដុល្លារ ប្រព្រឹត្ត​កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច មាន​ទឹកប្រាក់​ចំនួន​៧.២០៥.៨៨២​ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។ ​

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក​ទំនើប​មួយគ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ផលិត​ឆ្នាំ​២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០.០០០​ដុល្លារ។ ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​បាន​និយាយថា ​ឪពុក​របស់គាត់​ ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទ​ពិសោធន៍​ក្នុង​ការទិញ​ និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន​Tianjing គឺ​ប្រហែល​តម្លៃ ២២២.០០០​ដុល្លារ​ប៉ុណ្ណោះ។ ​ពេលនោះ​ក្រុមហ៊ុន​ដែល​កុម្ម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត​ដែល​ទិញ​គឺមាន​បំពាក់​ឧបករណ៍​ទំនើប​ និង​កញ្ចក់​ការពារ​គ្រាប់​កាំភ្លើង។

បន្ទាប់មក​ ពួកគេ​បាន​ឯកភាពគ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​ឲ្យ​ចំនួន​៨​ដង ស្មើ​ទឹកប្រាក់ ៣១៤. ០០០​ដុល្លារ ឲ្យ​ ចូ ស៊ូ​ពិន និង​ចូ សាម​ហ្សុ​ង។

លុះដល់​ថ្ងៃទី០៥ ខែ​មេសា ឆ្នាំ​២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង​មាន​ភិនភាគ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ដែល​ក្រុមហ៊ុន​កុម្ម៉ង់​មកឲ្យ ពេលនោះ​ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​ថា​ នឹង​យក​រថយន្ត​ថ្មី​មកឲ្យ ​ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់​រហូតដល់​ពេលនេះ។​

មិនតែប៉ុណ្ណោះ ​នៅពេល​ ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឪពុក​ លួច​ដក​សាច់​ប្រាក់សុទ្ធរ​បស់​ក្រុមហ៊ុន​អស់​ចំនួន ៧.២០៥ .៨៨២​ដុល្លារ​ទៀត ហើយរ​ត់ទៅ​ប្រទេស​កូរ៉េ​វិញ ទើបតែ​ថ្មីៗ​នេះ​បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​មាក​រ៉ង់​រ៉ូ​វើ​ ពាក់​ស្លាក​លេខ ខម មាន​អង្គរក្ស ការពារ​ជិះ​ទៀត​ ទើប​ក្រុមហ៊ុន​ដែល​រងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu