ភ្នំពេញ ៖ ពិតជាធ្វើកក្រើកពលករខ្មែរនៅក្នុងប្រទេសកូរ៉េ ព្រោះថានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ពោលគឺថ្ងៃឆ្លងឆ្នាំថ្មី នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំទ្រង់ទ្រាយធំ ជូនដល់ក្រុមពលករខ្មែរ នៅទីនោះដើម្បីបានចូលរួមសប្បាយរីករាយជាមួយនឹងការប្រលងចម្រៀង ការប្រលងសម្រស់ ស្រីស្អាត ប្រុសស្អាត និងការច្រៀង-សម្ដែងពីសំណាក់តារាល្បីៗរបស់ខ្មែរដូចជា ៖ លោក ខេម ,លោក សាន ផានិត ,កញ្ញា រ័ត្ន រចនា និងលោក រ៉ូលីន ជាដើម។
ជាមួយគ្នា នៃការចេញទៅប្រទេសកូរ៉េនេះដែរ តារាចម្រៀងម្ចាស់បទទូរស័ព្ទប្រាប់ផង លោក សាន ផានិត និងម្ចាស់បទ មេម៉ាយសប្បាយចិត្ត គឺ កញ្ញា រ័ត្ន រចនា ក៏ត្រូវបានអញ្ជើញឲ្យចេញទៅច្រៀងរាំផងដែរ ដោយក្នុងនោះអ្នកទាំងពីរបានបង្ហាញអារម្មណ៍ក្នុងវេទិកាសន្និសីទកាសែត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរួមក្នុងវេទិកាដ៏ធំនាពេលខាងមុខនេះ។
លោក សាន ផានិត បានលើកឡើងថា ខ្ញុំមានអារម្មណ៍រំភើបតាំងពីពេលដឹងថា អ្នករៀបចំកម្មវិធីមានបំណងអញ្ជើញលោកឲ្យចេញទៅច្រៀងនៅក្នុងកម្មវិធីឆ្លងឆ្នាំនោះម្ល៉េះ ខណៈដែលខ្ញុំក៏កាន់តែមានអារម្មណ៍ត្រេកអរនៅពេលដែលបានឡើងឆាកនៅក្រៅប្រទេសឡើងវិញ។
លោកថា វេទិកាដែលលោកនឹងទៅច្រៀងរាំនោះ គឺជាវេទិការៀបចំដោយស្ថានទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសកូរ៉េ ហើយមានការ សហការពីលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកជំនួញ និងជាម្ចាស់គម្រោងដីធ្លីល្បីឈ្មោះផងនោះ។
លោក សាន ផានិត បានបន្ថែមថា ក្នុងចំណោមតារារបស់ខ្មែរទាំងអស់ដែលបានចេញទៅសម្ដែងនៅថ្ងៃទី៣១ធ្នូនោះ គឺមានតារាចម្រៀង លោក ខេម , រ៉ូលីន ដែលតារាចម្រៀងទាំងនេះលោកសុទ្ធតែធ្លាប់ឡើងឆាកប៉ះគ្នា ស្គាល់ចិត្ត និងស្គាល់ទេពកោសល្យពីគ្នាទៅវិញទៅមករួចមកហើយ លើកលែងតែម្ចាស់បទមេម៉ាយសប្បាយចិត្ត ដែលលោកបានធ្វើជាដៃគូ ដែលលោកយល់ថា គឺជាអ្វីដែលលោកសប្បាយចិត្ត ជាពិសេសក្នុងពេលប៉ះគ្នាលើកដំបូងហើយ ស្រាប់តែប៉ះនៅក្នុងប្រទេសកូរ៉េលើកនេះ។
ជាមួយគ្នានេះដែរ តារាចម្រៀងសម្បូរសាច់ដើមទ្រូង កញ្ញា រ័ត្ន រចនា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត ដែលបានចាប់ដៃជាមួយ លោក សាន ផានិត ទៅច្រៀងកំដរបងប្អូនក្រុមពលករខ្មែរ នៅថ្ងៃឆ្លងឆ្នាំនោះផងដែរ។
កញ្ញា រ័ត្ន រចនា បាននិយាយថា ខ្លួននឹងបញ្ចេញសមត្ថភាពឲ្យអស់នៅលើវេទិកានោះ ដោយក្រៅពីច្រៀងបទចម្រៀងអាចរាំសប្បាយៗ ក៏នឹងការបង្ហាញនូវឈុតបែបខ្មែរ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិខ្មែរនៅក្នុងវេទិកានោះដែរ។
ដោយឡែក សម្រាប់ លោក ឡេង ណាវ៉ាត់ត្រា ដែលជាដៃគូសហការក្នុងការរៀបចំព្រឹត្តិការណ៍នោះ បានអះអាងថា កម្មវិធីដែលគ្រោងធ្វើឡើងនោះ គឺជាការរៀបរបស់ឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជា ប្រចាំនៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យបងប្អូនពលករកូរ៉េទូទាំងប្រទេសកូរ៉េ បានសប្បាយរីករាយជាមួយនឹងកម្មវិធីសិល្បៈ បន្ទាប់ពីធ្វើការហត់ពេញមួយឆ្នាំតាំងពីដើមខែមករានោះ។
កម្មវិធីនេះ មានលក្ខណៈខុសប្លែកជាងមុនត្រង់មានការប្រលងចម្រៀង និងប្រលងបុរសឯក នារីឯក ដោយខាងស្ថានទូតកម្ពុជា បានដំណើរជ្រើសរើសអ្នកប្រលងចម្រៀង និងអ្នកប្រលងសម្រស់ជាបណ្ដើរៗមកហើយ ដើម្បីធ្វើការប្រកួតជម្រុះនៅថ្ងៃទី៣១ធ្នូ ហើយពេលរាត្រី ក៏មានការប្រគំតន្ត្រីរាំលេងពីតារាចម្រៀងរបស់ខ្មែរទៀតផង។
ចំពោះការដាក់ពាក្យប្រលងចម្រៀង និងប្រលងសម្រស់ គឺក្រុមពលករមិនមានការចំណាយប្រាក់នោះឡើយ ផ្ទុយទៅវិញគឺបានទទួលប្រាក់រង្វាន់ពីលេខ១ ដល់លេខ៥ សម្រាប់វិញ្ញាសាមួយៗ ពីក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ដែលលោកប្រកាសថា មិនទាន់ចង់បង្ហើប ដោយរង់ចាំកៀរគរការគាំទ្រឲ្យបានច្រើនបន្តិចទៀតសិន។ ប៉ុន្តែសម្រាប់កម្មវិធីរាត្រីសមោសរ និងការរាំកម្សាន្តនៅពេលយប់ ដែលមានតារាល្បីៗបង្ហាញខ្លួន គឺតម្រូវឲ្យទិញសំបុត្រញ៉ាំអាហារប៊ុហ្វេខ្លួនឯង ក្នុងម្នាក់ប្រមាណជា២០ដុល្លារ ដោយសារតែលោករ៉ាប់រងតែរឿងនាំតារាចម្រៀងទៅ ផ្ដល់ប្រាក់រង្វាន់ដល់អ្នកឈ្នះ និងការចំណាយលើការជួយទីតាំង ក៏ដូចជាការរ៉ាប់រងលើសន្តិសុខនៅក្នុងពិធី ចំណែកការចំណាយលើអាហារ គឺអ្នកចូលរួមត្រូវរាប់រងខ្លួនឯង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ឡេង ណាវ៉ាត្រា៕
Source: Kampuchea Thmey Daily
0 Comments