Ad Code

សេចក្តី​រាយការណ៍ ​៖​ ពាក្យ​ចុងក្រោយ​របស់​លោក Khashoggi គឺ “​ខ្ញុំ​មិន​អាច​ដកដង្ហើម​បានទេ​”



ពាក្យ​ចុងក្រោយ​របស់លោក Jamal Khashoggi គឺ “​ខ្ញុំ​មិនអាច​ដកដង្ហើម​បានទេ​”​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CNN កាលពី​ថ្ងៃអាទិត្យ​ដោយ​លើកឡើង​ពី​ប្រភព​មួយ​ដែល​បាន​អាន​អត្ថបទ​ចម្លង​ជា​លាយលក្ខណ៍អក្សរ​នៃ​ខ្សែអាត់​សំឡេង​មួយ​នៃ​គ្រា​ចុងក្រោយ​មុនពេល​ការធ្វើឃាត​លើ​អ្នកកាសែត​រូបនេះ​។​

ប្រភព​នេះ​បាន​ប្រាប់​បណ្តាញ​អាមេរិក​ថា អត្ថបទ​ចម្លង​ជា​លាយ​លក្ខ​អក្សរ​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការសម្លាប់​នេះ​គឺ​ត្រូវបាន​គេ​គិតទុក​ជាមុន​ហើយ​បាន​លើកឡើងថា មាន​ការហៅ​ទូរស័ព្ទ​ជាច្រើនលើក​ពាក់ព័ន្ធ​នឹង​ដំណើរការ​នេះ​។​

ទូរទស្សន៍ CNN បាន​និយាយថា ក្រុមមន្ត្រី​ទួរគី​ជឿជាក់ថា ការហៅ​ទូរស័ព្ទ​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ចំពោះ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ទីក្រុង រី​យ៉ា​ដ​។​

លោក Khashoggi ត្រូវបាន​គេ​សម្លាប់​ភ្លាមៗ​បន្ទាប់ពី​ចូលក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​។​

CNN បាន​និយាយថា អត្ថបទ​ចម្លង​ជា​លាយ​លក្ខ​អក្សរ​នៃ​ខ្សែអាត់​សំឡេង​ដ៏​គួរអោយ​រន្ធត់​នេះ​គឺ​រួមបញ្ចូល​ទាំង​ការពណ៌នា​របស់ Khashoggi ដែល​កំពុង​តស៊ូ​ប្រឆាំងនឹង​ឃាតករ​ផងដែរ​។ CNN បាន​សំដៅថា សំឡេង​នៃ​ការ​កាត់​សាកសព​របស់​អ្នកកាសែត​រូបនេះ​ជា​បំណែក​គឺជា រណារ​។​

អត្ថបទ​ចម្លង​ជា​លាយ​លក្ខ​អក្សរ​ដើម​គឺ​ត្រូវ​បានរៀបចំ​ដោយ​សេវា​ចារកម្ម​ទួរគី​។​
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​ការទាមទារ​របស់​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan អោយធ្វើ​បត្យាប័ន​ជនសង្ស័យ​ដែល​ជាប់ទាក់ទង​នឹង​ឃាតកម្ម​លោក Khashoggi​។​

លោក Erdogan បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​អោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រគល់​ជនសង្ស័យ​ក្នុងការ​សម្លាប់​នេះ​។ យោងតាម​ប្រទេស​ទួរគី​បានអោយដឹងថា ក្រុម​មួយ​ដែលមាន​សមាជិក​ជា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​១៥​នាក់​គឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដើម្បី​សម្លាប់​លោក Khashoggi ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu