Ad Code

លោក គង់ បូរ៉ា កូនប្រុស​សំណព្វ​លោក គង់ គាំ លេប​កំអួត​ខ្លួនឯង



ភ្នំពេញ​ ៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​សំណព្វ​របស់​លោក គង់ គាំ នោះ បាន​លេប​កំអួត​ខ្លួនឯង ដោយសារ​តែ​បានប្រកាស​មិន​ទទួលយក​ការ​ដក​បម្រាម​នយោបាយ ក្រោយពី​មាន​ភ្លើង​ខៀវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ប៉ុន្តែ​នៅពេល​សេចក្តីស្នើច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត លោក គង់ បូរ៉ា បែរជា​ប្រកាស​ត្រៀមខ្លួន​ដើម្បី​ចូល​ធ្វើ​នយោបាយ​ឡើងវិញ​។

តាម​សំណេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក គង់ បូរ៉ា កាលពី​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ លោក គង់ បូរ៉ា បាន​លើកឡើង​ថា “​ក្នុងចំណោម​១១៨​នាក់ មាន “​ក្បាល​មិន​ទើស​មាឃ ជើង​មិន​ជាប់​ដី “១១៨​នាក់ តើ​មាន​ប៉ុន្មាន​នាក់ ដែល​កំពុង​សុំ​សិទ្ធ​ជ្រក​កោណ​នយោបាយ នៅ​ឯនាយសមុទ្រ ? ជួយ​រាយការណ៍​ជូន​សម្តេច​ផង​ថា ពួក​ខ្ញុំ​ជាប់​សុំ​សិទ្ធ​ជ្រក​កោណ​នយោបាយ​ហើយ មិន​ត្រូវ​ការ​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើកផ្លូវ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ទេ បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្សនយោបាយ​រួច​នៅពេល​ខាងមុខនេះ​”​។

ការ​លើកឡើង​របស់​លោក គង់ បូរ៉ា នេះ​មិនបាន​មួយ​ដង្ហើមចង្រិត​ផង គឺ​គ្រាន់តែ​រដ្ឋសភា​បានអនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ភ្លាម លោក គង់ បូរ៉ា បាន​ចេញ​មក​ប្រកាស​ថា “​ខ្ញុំ គង់ បូរ៉ា បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន​”​។

​ការ​ចេញ​មក​ប្រកាស​ជំហរ​បែប​ចុងស្រល់​នេះ ប្រហែលជា​លោក គង់ បូរ៉ា មិនបាន​មើល​ជំហរ​ឪពុក (​លោក គង់ គាំ​) ខ្លួនឯង​ជា​មនុស្ស​បែបណា ឬ​អាច​និយាយបានថា លោក គង់ បូរ៉ា ជា​កូន​អកតញ្ញូ មិន​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ លុះ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក ក៏​ត្រឡប់​មក​ដើរ​តាម​ច្រក​របស់​ឪពុក​វិញ​។ បើ​ធ្វើ​នយោបាយ​បែបនេះ អាច​ធ្វើជា​មេដឹកនាំ​គេ​បានទេ ? កូនចៅ​អាច​ដើរ​តាម​បានទេ បើ​ម្តង​ទៅ​លិច ម្តង​ទៅ​កើត ម្តង​បត់​ឆ្វេង ម្តង​បត់​ស្តាំ​បែបនេះ​។

សូម​បញ្ជាក់​ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​សំឡេង​១១៥​លើ​១១៥​។

ក្រោយពី​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត មាន​អតីត​អ្នកនយោបាយ​ប្រឆាំង​ជាច្រើន ដែល​ជាប់​បម្រាម​បាន​សាទរ តែ​ពួកគេ​មិន​ហ៊ាន​ចេញ​សំឡេង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ដោយ​ខ្លាច​ការ​លាប​ពណ៌​ពី​មនុស្ស​មួយចំនួន ដែល​គេ​មិន​ពេញចិត្ត​។

ចំណែក គង់ គាំ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែរ​នោះ មិនបាន​ខ្លាច​ការ​លាប​ពណ៌​ពី​អ្នក​ផ្សេង​នោះទេ ហើយ​បានប្រកាស​តាម​បណ្តាញ​ព័ត៌មាន​ថា លោក​នឹងធ្វើ​សំណើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​ច្បាប់​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​បើ​តាម​ការ​បង្ហើប​របស់​នាយករដ្ឋមន្ត្រី ច្បាប់​នេះ គឺ​សម្រាប់​តែ​អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​ប៉ុណ្ណោះ ទើប​អាច​មានឱកាស​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ ហើយ​អ្នក​ជាប់​បម្រាម ត្រូវធ្វើ​សំណើ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម​ដែល​មាន​គ្នា​បួន​-​ប្រាំ​នាក់ ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ពិនិត្យ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu