Ad Code

ព្រិល​ធ្លាក់​ខ្លាំង​សម្លាប់​មនុស្ស​៣​នាក់​និង​បង្អាក់​ការធ្វើដំណើរ​នៅ​ប៉ែក​អាគ្នេយ៍​សហរដ្ឋអាមេរិក



ព្យុះ​ព្រិល​មួយ ​បានធ្វើ​ដំណើរ​ទៅកាន់​សមុទ្រ​កាលពី​ថ្ងៃ​ចន្ទ ​បន្ទាប់ពី​ទម្លាក់​ព្រិល​កម្ពស់​៦០​សង់ទីម៉ែត្រ​លើ​ផ្នែក​ខ្លះ​នៃ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក​ដោយ​បណ្តាលអោយ​មនុស្ស​បីនាក់​ស្លាប់​នៅក្នុង​រដ្ឋ Carolina ខាងជើង​ហើយ​អតិថិជន​១៣៨,០០០​នាក់​នៅក្នុង​តំបន់​នេះ​គ្មាន​អគ្គិសនី​។​

សាលារៀន​នៅ​ទូទាំង​រដ្ឋ Carolina ខាងជើង​និង​ខាងត្បូង​និង​នៅ​រដ្ឋ Virginia បាន​លុបចោល​ម៉ោង​សិក្សា​សម្រាប់​ពេល​ថ្ងៃ​ហើយ​មន្ត្រី​គ្រាអាសន្ន​បាន​ព្រមាន​ថា ព្រិល​ធ្លាក់​ខ្លាំង​និង​ផ្លូវ​ដែល​ពោរពេញ​ដោយ​ទឹកកក​បាន​ពន្យឺត​ដល់​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​បញ្ហា​នានា​។​

សេវា​អាកាសធាតុ​អាមេរិក​បានអោយដឹងថា ព្យុះ​នេះ​បាន​ទម្លាក់​ព្រិល​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ទីក្រុង Whitetop នៃ​រដ្ឋ Virginia ដែល​ស្ថិតនៅ​ជួរ​ភ្នំ Appalachian តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាងលិច​នៃ​រដ្ឋ Virginia និង​រដ្ឋ Carolina ខាងជើង​។​

លោក Daniel Petersen អ្នក​ឧតុនិយម NWS បាន​និយាយថា មាន​ស្ថានភាព​រអិល​លើផ្លូវ​នៅ​កណ្តាល​និង​ប៉ែក​ខាងលិច​នៃ​រដ្ឋ Carolina ខាងជើង​និង​ភាគ​និរតី​រដ្ឋ Virginia នៅ​យប់​ថ្ងៃ​ចន្ទ​ខណៈពេល​សីតុណ្ហភាព​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ដល់​ក្រោម​កម្រិត​កក​។​

ប៉ុន្តែ​សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​វិញ​នៅ​ចុង​សប្តាហ៍​នេះ​ដោយ​ឈានដល់​ជាង​១០​អង្សា​សេ​នៅ​រដ្ឋ Carolina ខាងជើង​ប៉ែក​ខាងលិច​ជួរ​ភ្នំ​ព្រោះថា អាចមាន​ភ្លៀង​ធ្លាក់​។​

ការិយាល័យ​របស់​អភិបាលរដ្ឋ Carolina ខាងជើង​លោក Roy Cooper បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មាន​អ្នកស្លាប់​ទាក់ទង​នឹង​ព្យុះ​នេះ​ចំនួន​បីនាក់​។ មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារ​គាំងបេះដូង​នៅពេល​កំពុងធ្វើដំណើរ​ទៅ​កន្លែង​ជ្រកកោន​ហើយ​ស្ត្រី​ឈឺ​ធ្ងន់​ម្នាក់​នៅ​មន្ទីរពេទ្យ​បាន​ស្លាប់​នៅពេល​ឧបករណ៍​អុកស៊ីសែន​របស់​នាង​ឈប់​ដំណើរការ​។​

មន្ដ្រីប៉ូលិស​ក្រុង Matthews បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកបើកបរ​ម៉ូតូ​ម្នាក់​ក៏បាន​ស្លាប់​ផងដែរ​ហើយ​អ្នកដំណើរ​ម្នាក់​បាន​រងរបួស​នៅក្នុង​ទីក្រុង Matthews ភាគ​អាគ្នេយ៍​រដ្ឋ Carolina ខាងជើង​កាលពី​ថ្ងៃអាទិត្យ​នៅពេលដែល​ដើមឈើ​មួយ​ដើម​បាន​បាក់​សង្កត់​លើ​ម៉ូតូ​របស់​ពួកគេ​ខណៈពេល​កំពុងធ្វើដំណើរ​។​

តំបន់​ជាង​១០០​នៅ​ទូទាំង​រដ្ឋ Georgia, Carolina ខាងជើង​និង​រដ្ឋ Virginia បាន​ពន្យារពេល​ឬ​លុបចោល​ម៉ោង​សិក្សា​កាលពី​ថ្ងៃ​ចន្ទ​ដោយសារតែ​អាកាសធាតុ​ធ្ងន់ធ្ងរ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu