ស្វាយរៀង ៖ មេឃុំក្រោលគោស្រុកស្វាយជ្រំលោកភោគវ៉ាន់ថន ត្រូវបានប្រជាពលរដ្ឋរិះគន់ថា អាងអំណាចខ្លួនជាមេឃុំមិនព្រមស៊ីញេលើពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីលំនៅឋានលក្ខណៈជាប្រព័ន្ធរបស់ប្រជាពលរដ្ឋនោះទេ ដោយមិនបានបញ្ជាក់ពីមូលហេតុសោះតែម្ដង។
យោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះសាលាងភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះហេងគឹមហឿន អាយុ៥០ឆ្នាំ មានទីលំនៅភូមិ២សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានដាក់ពាក្យបណ្ដឹងជូនទៅអភិបាលស្រុកស្វាយជ្រំកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១៨ អោយជួយរកយុត្តិធម៌អោយពួកគាត់។
ក្នុងពាក្យបណ្ដឹងនោះបានសរសេរថា ៖ ត្បិតខ្ញុំបាទនាងខ្ញុំកើតទុក្ខមិនសុខចិត្តនឹងឈ្មោះភោគវ៉ាន់ថនមេឃុំក្រោលគោដែលបានរំលោភយកដីរបស់ខ្ញុំបាទនាងខ្ញុំចំនួន២ប្លង់ជាប់គ្នាដែលមានកម្មសិទិ្ធទី១លេខ B IV 0007 ចុះថ្ងៃទី២៨ខែតុលាឆ្នាំ១៩៩៧មានផ្ទៃក្រឡា៨១ម៉ែត្រការ៉េ និងប័ណ្ណកម្មសិទិ្ធទី២លេខ B9 ០៣៥៤ចុះថ្ងៃទី០១ខែមេសាឆ្នាំ១៩៩៣មានផ្ទៃក្រឡា១៩៥ម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃញ៉យឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀង។
សូមបញ្ចាក់ថា កន្លងមកខ្ញុំបាទនាងខ្ញុំខកខានពុំទាន់បានធ្វើការផ្លាស់ប្តូរប័ណ្ណកម្មសិទិ្ធចាស់មកប័ណ្ណកម្មសិទ្ធិថ្មីជាលក្ខណៈប្រព័ន្ធតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ទើបតែនៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៨ ខ្ញុំបាទនាងខ្ញុំបានដាក់សំណើសុំផ្លាស់ប្ដូពីប័ណ្ណកម្មសិទិ្ធចាស់មកប័ណ្ណកម្មសិទិ្ធថ្មីដោយមានការឯកភាពពីលោកអភិបាលស្រុកស្វាយជ្រំមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តស្វាយរៀងនិងឯកឧត្តមអភិបាលខេត្តស្វាយរៀងរួចហើយ ប៉ុន្ដែបែរជាលោកភោគវ៉ាន់ថនមេឃុំក្រោលគោមិនអនុវត្តតាមដោយមិនព្រមចុះហត្ថលេខាលើសំណុំឯកសារពាក្យសុំចុះបញ្ជីបន្ថែមជាលក្ខណៈប្រព័ន្ធលើប័ណ្ណកម្មសិទិ្ធចាស់មកប័ណ្ណកម្មសិទិ្ធថ្មីរបស់ខ្ញុំបាទនាងខ្ញុំទេ។
លោកសាលាងនិងភរិយាបានសំណូមពរ៖
១.សុំឱ្យគណៈកម្មការចុុះវាស់វែងដីសាជាថ្មី(ដោយមានការចូលរួមពីកម្មសិទ្ធិ)
២.សុំចេញប័ណ្ណថ្មីជាលក្ខណៈប្រព័ន្ធជំនួសប័ណ្ណកម្មសិទ្ធិចាស់។
អាស្រ័យហេតុនេះសូមលោកអភិបាលស្រុកមេត្តាជួយដោះស្រាយនិងរកយុត្តិធម៌ឱ្យខ្ញុំបាទនាងខ្ញុំដោយអនុគ្រោះ។
ពាក់ព័ន្ធករណីខាងលើនេះលោកហែមសារិទ្ធអភិបាលរងស្រុកស្វាយជ្រំបានអោយដឹងថាលោកអភិបាលស្រុកធ្លាប់ហៅលោកមេឃុំរូបនោះមកណែនាំម្ដងជាពីរដងហើយតែនៅមិនព្រមស៊ីញេរហូតទោះមានចំណារពីលោកអភិបាលខេត្តទៀតក៏នៅមិនព្រមស៊ីញេមិនដឹងមានហេតុផលអីនោះទេ។
លោកភោគវ៉ាន់ថនមេឃុំក្រោលគោបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា រឿងដីនេះមិនអាចប្រាប់អ្នកកាសែតបានទេ ហើយក៏ប្រាប់ថា ជាប់រវល់ជាមួយលោកធំហើយបានបិទទូរស័ព្ទតែម្ដង។
ចំណែកលោកសាលាងបានសំណូមពរទៅថ្នាក់ដឹកនាំគ្រប់ថ្នាក់មេត្តាមានវិធានការណាមួយអោយបានតឹងរឹងចំពោះមេឃុំរូបនេះបើបណ្ដែតបណ្ដោយអោយមេឃុំមិនអនុវត្តតាមសេចក្ដីណែនាំរបស់ថ្នាក់លើបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកគ្រប់បែបយ៉ាងនិងជះឥទ្ធិពលមិនល្អដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
Source: Kampuchea Thmey Daily
0 Comments