ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមនឹងព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ប្រមាណ ៥០គ្រួសារ រស់នៅសង្កាត់ទៀន ខណ្ឌដង្កោ ។
អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ៧មុខផ្សេងទៀត និងថវិកា ៣ម៉ឺនរៀល។
ក្នុងនោះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ បានឧបត្ថម្ភបន្ថែមគ្រឿងឧបភោគបរិភោគ ០១កញ្ចប់ផងដែរ។
លោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខា បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ កុមារកំព្រាជាដើម ហើយសម្តេចទាំងទ្វេបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។
ជាមួយគ្នានេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ ជា ពិសេស លោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត ៕
Source: Kampuchea Thmey Daily
0 Comments