Ad Code

អគ្គលេខាធិការ គ​.​ជ​.​ប ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ការងារ កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឲ្យ​មាន​សុក្រឹតភាព និង​គណនេយ្យភាព



ភ្នំពេញ​ ៖ លោក ទេព នីថា អគ្គលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ នៃ គ​.​ជ​.​ប បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​យក​ស្មារតី​ក្នុង​ភាពជា​ម្ចាស់ ខិតខំ​ប្រឹងប្រែង​អនុវត្ត​កិច្ចការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ពង្រឹងសមត្ថភាព​ក្នុង​ការ​រៀបចំ​ផែនការ​ថវិកា និង​អនុវត្ត​ថវិកា​កម្មវិធី ជាពិសេស​នីតិវិធី​ការ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​អំពី​សកម្មភាព​អនុវត្ត​នៅ​រៀងរាល់​ឆ្នាំ​ជា​បន្តបន្ទាប់ ដើម្បី​ទទួល​បាន​លទ្ធផល​ចុងក្រោយ​ប្រកបដោយ​សុក្រឹតភាព និង​គណនេយ្យ​ភាព​តាម​ការ​រំពឹងទុក​។

ការណែនាំ​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​ពី ”​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​កម្មវិធី​” ដល់​អ្នករាជការ គ​.​ជ​.​ប នៅ​ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨។



លោក ទេព នីថា លើក​ឡើង​ថា ក្នុង​ការ​អនុវត្ត​កិច្ចការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កន្លងមក​តែងតែ​ជួបប្រទះ និង​ឧបសគ្គ ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន​ជៀស​មិន​ផុត ប៉ុន្តែ​តាម​បទពិសោធន៍​ដែល​ធ្លាប់​ឆ្លងកាត់ និង​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ ដោយ​សង្ឃឹមថា សិក្ខាកាម​នឹង​យក​ការយល់ដឹង​នេះ​ទៅ​កែលម្អ និង​ដោះស្រាយ​ចំណុច​ខ្វះខាត ព្រមទាំង​ការ​ប្រឈម​នានា ដែល​កើតមាន​ពេល​អនុវត្ត​បាន​ទាន់​ពេល​វេលា និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។

យោង​តាម​គោលការណ៍​ណែនាំ ស្តី​ពី​នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ​២០០៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រួមមាន​បួន​ដំណាក់កាល​គឺ ទី​១- ការ​បង្កើន​ភាពជឿ​ទុកចិត្ត​លើ​ថវិកា ទី​២- ការបង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ ទី​៣- ការ​ផ្សារភ្ជាប់​រវាង​ថវិកា​ទៅនឹង​គោលនយោបាយ ទី​៣- ការបង្កើន​គណនេយ្យភាព​ចំពោះ​សមិទ្ធកម្ម​។



ថវិកា​កម្មវិធី​ត្រូវ​បាន​អនុវត្ត​សាកល្បង​ចាប់តាំងពី​ឆ្នាំ​២០០៧​មក ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ការរៀបចំ​ការអនុវត្ត និង​ការ​ត្រួតពិនិត្យ​ថវិកា ស្របតាម​ទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ដែល​បាន​ដាក់ចេញ​ខាងលើ ជាពិសេស​ការ​ត្រៀម​សម្រាប់​ដំណាក់កាល​ទី​៣​។ គោលដៅ​យុទ្ធសាស្ត្រ​នៃ​ដំណាក់កាល​ទី​៣ ការ​ផ្សារភ្ជាប់​រវាង​ថវិកា​ទៅ​នឹង​គោលនយោបាយ​បាន​និង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៦ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០​។

សូម​ជម្រាប​ថា សិក្ខាសាលា​នេះ ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ គ​.​ជ​.​ប និង​ឧបត្ថម្ភ​ដោយ កម្មវិធី​កែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu