វ៉ូវីណាម ៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូវីណាម ដែលមានរយៈពេល៤ថ្ងៃនោះ បានបញ្ចប់ជាស្ថាពរហើយ។
លោក ព្រហ្ម ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អប់រំយុវជន និង កីឡា បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមទាំង៦០រូប។
សូមបញ្ជាក់ថា វគ្គនេះធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និង កីឡា។ បើតាមការអះអាងពី លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមនោះថា តាមគោលការណ៍របស់ក្រសួងអប់រំ គឺមានថវិកាសម្រាប់បណ្ដុះបណ្ដាលតែ៣៤រូបប៉ុណ្ណោះ តែសហព័ន្ធបានបន្ថែមនូវធនធានរបស់ខ្លួន ដើម្បីបង្កើនសិក្ខាកាមរហូតដល់៦០រូប។
សិក្ខាកាមដែលចូលរួមមានមកពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្រសួង ការពារជាតិ មហាផ្ទៃ ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាល។
ឆ្លងកាត់ការសិក្សារយៈពេល៤ថ្ងៃ ជាលទ្ធផលយើងទទួលបាននិទ្ទេសល្អ៦០ភាគរយ និទ្ទេសមធ្យម៣០ភាគរយ និងនិទ្ទេសខ្សោយ១០ភាគរយ។ គ្រូឧទ្ទេសនាមសម្រាប់វគ្គនេះ គឺលោកគ្រូធំ Tran Vanmy ដែលជាប្រធានអាជ្ញាកណ្ដាល វ៉ូវីណាមពិភពលោក និងលោក ង្វៀង វ៉ាន់ គឿង ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏ជាអ្នកឧទ្ទេសនាមមួយរូបដែរ។
លោកTran Vanmy បានថ្លែងនៅពេលលោកចាប់ផ្ដើមឧទ្ទេសនាមថា ជាអាជ្ញាកណ្ដាល ចៅក្រមដាច់ខាត ត្រូវតែច្បាស់លាស់ ពីបទបញ្ជាប្រកួត ព្រោះនេះជាច្បាប់គោល សម្រាប់កាត់ក្ដីពេលប្រកួត៕
Source: Kampuchea Thmey Daily
0 Comments