Ad Code

រាជរដ្ឋាភិបាល ​គ្រោង​នឹង​អនុវត្ត​គោលនយោបាយ​ថ្មី​ផ្តល់​សេវា​ពិនិត្យ​ផ្ទៃពោះ ​និង​សម្រាលកូន​ដល់​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​



ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​ គ្រោង​នឹង​នឹង​អនុវត្ត​គោលនយោបាយ​ថ្មី​មួយទៀត​ ដោយ​ជួយ​ចេញថ្លៃ​សេវា​ពិនិត្យ​ផ្ទៃពោះ​ និង​សម្រាលកូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ប័ណ្ណ​ក្រីក្រ​នាពេល​ខាងមុខនេះ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មានប្រសាសន៍ថា​ ចាប់ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​ខាងមុខនេះ​តទៅ​ ប្រជាពលរដ្ឋ​ជា​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ ដែលមាន​ប័ណ្ណ​សម្គាល់​ក្រីក្រ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួងផែនការ​ នឹងត្រូវ​ទទួលបាន​ការពិនិត្យ​ផ្ទៃពោះ​ និង​ការ​សម្រាលកូន​ដោយ​ឥតគិតថ្លៃ​ ព្រមទាំង​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ទៀតផង​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​បន្តថា ​ការជួយ​បង់ថ្លៃ​សេវា​ជំនួស​របស់​រាជរដ្ឋាភិបាល​នេះ ​គឺ​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ ​ក៏ដូចជា​លើក​កម្ពស់​ដល់​សុខ​ភាព​របស់​ទារក​ឲ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។​

ជាមួយគ្នានេះដែរ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បន្ថែមទៀតថា ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ត្រូវ​បានទទួល​ប្រាក់ឧបត្ថម្ភ​នៅពេលដែល​បានទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល​ចំនួន​៤​ដង ដោយ​ក្នុង​មួយដងៗ ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាមរយៈ​មូលនិធិ​សមធម៌ ចំនួន​៤​ម៉ឺន​រៀល​ និង​នៅពេល​សម្រាល ទទួលបាន​ការឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​រៀល។​

លើសពីនេះទៅទៀត​ក្រោយពេល​សម្រាលកូន​ហើយ ស្ត្រី​ក្រីក្រ​ត្រូវបាន​មូលនិធិ​សមធម៌​ជួយឧបត្ថម្ភ​លើ​ការពិនិត្យ​ថែទាំ​សុខភាព​ទាំង​ម្តាយ ​និង​កូន​ចំនួន​១០​ដង ដោយ​ក្នុង​១​ដងៗ​ចំនួន​៤​ម៉ឺន​រៀល​ ដែល​សរុប​ទាំងអស់​ស្ត្រី​ក្រីក្រ​ទទួលបាន​ការឧបត្ថម្ភ​ទាំង​មុន​សម្រាល នៅពេល​សម្រាល​ និង​ក្រោយ​ការ​សម្រាលកូន មាន​ចំនួន​ទឹកប្រាក់​៧៦​ម៉ឺន​រៀល​ប្រហាក់ប្រហែល​នឹង​១៩០​ដុល្លា​រ ដោយ​រួមទាំង​មិន​ចាំ​បាច់​បង់ថ្លៃ​សេវា​ផ្សេងៗ​ទៀតឡើយ​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​ឲ្យ​ដឹង​ទៀតថា​ កន្លងមក​រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ដោយ​ផ្តល់​សេវា​ថែទាំ​សុខភាព ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​កម្មករ​និយោជិត​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ មន្ត្រីរាជការ ជនពិការ និវត្តជន កម្មករ​តាមរយៈ​មូលនិធិ​សមធម៌​ និង​បេឡា​ជា តិ​របប​សន្តិសុខ​សង្គម​ដោយ​ឥតគិតថ្លៃ​ ដើម្បី​គាំពារ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ​ក៏ដូចជា​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀ​។​

ជាមួយគ្នានេះដែរ​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ណែនាំ​ និង​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​សុខា​ភិបាល គ្រូពេទ្យ​គ្រប់​ជំនាញ គ្រប់ផ្នែក ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​ក្នុងការ​ថែទាំ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយស្មោះ​អស់ពី​កម្លាំង​កាយ​ចិត្ត​ ពិសេស​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ដែលមាន​ប័ណ្ណ​ក្រីក្រ​ដែល​នឹងត្រូវ​ទទួលបាន​ការលើក​លែង​បង់ថ្លៃ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

អ្នកស្រី ស៊ាន​សុភា មាន​ផ្ទៃពោះ​៥​ខែ ​រស់នៅ​ខេត្ត​ស្វាយរៀង​ មាន​ប័ណ្ណ​ក្រីក្រ​បាន​សាទរ​ចំពោះ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ ​ព្រោះ​បាន​ជួយ​សម្រាល​បន្ទុក​យ៉ាង​ច្រើន​ដល់​អ្នកស្រី ​ក៏ដូចជា​ប្រជាពលរដ្ឋ​ជា​ស្ត្រី​ក្រីក្រ​ផ្សេងៗ​ទៀត​ក្នុង​ការ​ចំណាយ​ទៅលើ​ការ​ពិនិត្យ​ផ្ទៃពោះ​ និង​សម្រាលកូន​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu