Ad Code

ថៃ​ បាញ់រះ​លើ​ជនជាតិខ្មែរ​ចំនួន​៥​គ្រាប់ ពេល​ដឹង​ថា​កំពុង​លួច​កាប់​ឈើ​



បាត់ដំបង ៖ ជនជាតិខ្មែរ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន​៣នាក់ បាន​រង​របួស​ត្រង់​កំភួនជើង​ស្តាំ ដោយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ផងដែរ​ បន្ទាប់ពី​ពួកគេ​ទាំង​៣​នាក់ បាន​លប​ចូលទៅ​កាប់​ឈើ និង​លួច​អារឈើ នៅលើ​ទឹកដី​ថៃ​ទាំង​កណ្តាល​អធ្រាត្រ​រួចមក។​

​យោងតាម​ប្រភព​ដែល​យើង​ទទួលបាន​គឺ​ហេតុការណ៍​ នៃ​ការបាញ់បោះ​របស់​ភាគី​ថៃ ដែល​មិន​គោរព​តាម​កិច្ចព្រមព្រៀង MOU បានកើត​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង ៣០​នាទី ត្រង់ចំណុច​ខាងក្រោម​ច្រក​ចរិយា ( ច្រក​សុខសាន្ត ) លើទឹក​ដី​ថៃ ទល់​នឹង​ចំណុច ក្រៈ​ឌូ​ក​ឆាង​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្រាត។​

​ប្រភព​បាន​បន្តថា នៅពេល​នោះដែរ​ គឺមាន​ជនជាតិខ្មែរ​ចំនួន​៣​នាក់ បាន​លប​ចូលទៅ​កាប់​ឈើ និង​អារ​ឈើ​នៅក្នុង​តំបន់​ខាងលើ ស្រាប់​តែមាន​កម្លាំង​សមត្ថកិច្ច​ថៃ​មកដល់​ ហើយ​បានធ្វើ​ការ​បាញ់រះ​មក​លើ​ជនជាតិខ្មែរ​ទាំងនោះ​ចំនួន​៥​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ​ម្នាក់ ឯ២​នាក់​ទៀត​បាន​រត់​រួច និង​គេចខ្លួន​ចូលមក​ទឹកដី​កម្ពុជា​វិញ ចំណែក​ម្នាក់​ដែល​រងរបួស ក៏​ខំប្រឹង​ធ្វើដំណើរ​ឆ្លង​ដែន​មកវិញ​បានដែរ ដោយ​ភាគី​ថៃ​មិនបាន​ចាប់ខ្លួន​នោះទេ។ ​ជនរងគ្រោះ​នោះ​មានឈ្មោះ ខាន់ សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង។​

​ជុំវិញ​បញ្ហា​នេះដែរ លោក​ឧត្ដមសេនីយ៍​ទោ ពេជ្រ វណ្ណា នាយករង​ទីចាត់ការ​ការងារ​ព្រំដែន អគ្គ​បញ្ជាការ និង​ជា​ប្រធាន​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​មានប្រសាសន៍ថា រឿងនេះ​នៅ​មិនទាន់មាន​អ្នកណា​រាយការណ៍​ទៅ​លោក​ទេ ហើយ​ការបាញ់បោះ​ដែល​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង MOU របស់​ភាគី​ថៃ​នេះ គឺ​ពីមុន​មាន​ច្រើន​តាម​ច្រក​មួយចំនួន ប៉ុន្តែ​ពេលនេះ​ទៅខាង​ឧ​ត្ត​រ​មានជ័យ គឺ​គេ​គ្រាន់តែ​ចាប់ខ្លួន​ហើយ​អនុវត្តតាម​ផ្លូវច្បាប់​តែប៉ុណ្ណោះ ដោយ​ឡែក​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ច័ន្ទ​បុរី និង​ត្រាត គឺ​ការបាញ់បោះ​នៅមាន​នៅឡើយ ដោយ​គេ​ចោទប្រកាន់ថា ភាគី​ម្ខាង​មាន​ការ​តដៃ ឬ​រត់គេចខ្លួន ..។​ល​។​

ដូច្នេះ ​លោក​ នឹង​សួរ​ទៅ​ប៉ុស្តិ៍​ជួរមុខ​សិន​ថា តើ​រឿងនេះ​វា​យ៉ាងណា​ទៅហើយ៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu