ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថវ័យក្មេងម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូលឿនពេក វាក់អឺជាមួយនឹងរថយន្តសាំយ៉ុងមួយគ្រឿង កំពុងបើកឆ្លងផ្លូវ ហើយបុកឡានចំពាក់កណ្ដាល បណ្ដាលឲ្យស្លាប់ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងស្តុបវិថី ឈ្នះ ឈ្នះ ហៅទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះ ឈ្មោះ ទី ស៊ីដេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថរស់នៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ម៉ូតូជនរងគ្រោះ ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GN-9364 បើកបរ ទិសដៅពីកើតទៅលិច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះបើកក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ចំណុចស្តុបវិថីឈ្នះឈ្នះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង បើកបរក្នុងទិសដៅពីលិចទៅកើត ពេលបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កនោះបានបត់ឆ្វេងទៅផ្លូវវិថីឈ្នះ ឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ហើយម៉ូតូជនរងគ្រោះជាន់ហ្វ្រាំងមិនជាប់ បានបុករថយន្តចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកនឹងកញ្ចក់រថយន្ត រយះមុខ និងបាក់ដៃជាច្រើនកំណាត់ និងធ្លាក់បោកនឹងថ្នល់ជាច្រើនត្រឡប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗ រថយន្តបង្កខាងលើបានបត់ត្រឡប់ក្រោយវិញ មិនបើកទៅវិថី ឈ្នះ ឈ្នះទេ ហើយបានបើករត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវក្រែងអាចរកឃើញរថយន្តយកមកដោះស្រាយគ្នា។ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើលិខិតប្រគល់សាកសពឲ្យក្រុមគ្រួសារ នៃសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments