ភ្នំពេញ ៖ ក្រុមអ្នកញៀននឹងល្បែងហ្គេមបាញ់ត្រីចំនួន៧នាក់ មានប្រុសនិងស្រី ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសកម្រិតស្រាល សហការជាមួយកម្លាំងមូលដ្ឋានចុះចាប់បង្ក្រាប កាលពីវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្ទះលេខ១២ ផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅទីតាំងនោះបានបើកដំណើរការជាយូរមកហើយមិនដែលឃើញអាជ្ញាធរមូលដ្ឋានមានវិធានការយ៉ាងណាឡើយ ដែលបញ្ហាទាំងនេះធ្វើឲ្យពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់ពួកគាត់ ដែលតែងតែលួចមកចូលសម្ងំលេងហ្គេមប្រភេទស៊ីសងទាំងនោះគេចវេះចោលការរៀនសូត្រទៀតផង។
ប្រភពព័ត៌មានបានបន្តទៀតថា នៅរាត្រីថ្ងៃកើតហេតុនេះ ស្រាប់តែឃើញកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះមកសហការជាមួយកម្លាំងមូលដ្ឋានបង្ក្រាបនៅទីតាំងដែលលួចបើកហ្គេមទាំងនោះ ធ្វើឲ្យពួកមានការសប្បាយចិត្តយ៉ាងខ្លាំង សង្ឃឹមថានឹងមិនមានបើកដូច្នេះតទៅទៀតចុះ។
សមត្ថកិច្ចដែលចុះបង្ក្រាបនោះបានឲ្យដឹងថា ប្រតិបត្តិការនោះកម្លាំងបានឃាត់ខ្លួនមនុស្សចំនួន៧នាក់(ស្រី៣នាក់) រួមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ និងសម្ភារៈមួយចំនួន រួមទាំងម៉ូតូ២គ្រឿងបញ្ជូនទៅការិយាល័យកម្រិតស្រាល ដើម្បីចាត់ការតាមជំនាញថា ត្រូវអប់រំដោះលែង ឬបញ្ជូនទៅតុលាការនោះទេ៕
Source: Kampuchea Thmey Daily
0 Comments