Ad Code

បើក​រថយន្ត​កៀរ​ម៉ូតូ​ស្លាប់​ម្នាក់ មិនទាន់​បញ្ចប់​រឿង តែ​រថយន្ត​ ម្ចាស់​ប្រើប្រាស់​ធម្មតា​



បាត់ដំបង ៖ រថយន្ត​ប្រភេទ​ដឹកទំនិញ១​គ្រឿង ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទឹកកក រតនៈ ហើយ​ក៏​ជា​រថយន្ត​ដែល​បង្កឲ្យមាន​មនុស្ស​ស្លាប់​កាលពី​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ត្រូវបាន​ម្ចាស់​ក្រុម​ហ៊ុន​ប្រើប្រាស់​ដឹកជញ្ជូន​ទឹកកក​ជាធម្មតា ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ទាល់តែសោះ បន្ទាប់ពី​រថយន្ត​នេះ​បាន​បើក​កៀរ​ទៅលើ​ម៉ូតូ ព្រមទាំង​បាន​បង្ក​ឲ្យ​ភាគី​ម៉ូតូ​ស្លាប់​រួចមក។​

​គួរ​បញ្ជាក់​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ រវាង​រថយន្ត​ម៉ាក ហ៊ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង 3A-2943 ជា​មួយ​នឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1E-6178 ដែល​បើកបរ​ដោយ​ឈ្មោះ ឡុង បូ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ក្បែរ​ចំណុចកើតហេតុ​ខាងលើ ទិសដៅ​ស្របគ្នា ដោយ​រថយន្ត​បាន​បើក​កៀរ​ពីក្រោយ​បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ជ្រុល​ទៅមុខ​ប្រមាណ​ជិត​១០​ម៉ែត្រ ហើយ​ក៏បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។​

​លោក ស៊ុយ សា​វៀង អធិការ​ស្តីទី នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ឯក​ភ្នំ បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី ថា ភ្លាមៗ​ក្រោយពេល​កើតហេតុ កម្លាំង​របស់​លោក​ដែល​មានតែ​ឯកសណ្ឋាន​ស៊ី​វិល បាន​បើក​ម៉ូតូ​តាម​ពីក្រោយ​រថយន្ត ព្រមទាំង​បាន​ថត​យក​រូបភាព និង​ស្លាក​លេខ​រថយន្ត​នោះ​ផងដែរ ខណៈដែល​រថយន្ត​នេះ​កំពុង​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន​ដើម្បី​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ក៏​កម្លាំង​បាន​តាម​រហូតដល់​គោលដៅ គឺ​រថយន្ត​នេះ​បាន​បើក​ចូល​ទៅក្នុង​ក្រុមហ៊ុន​ទឹក​កក រតនៈ ដើម្បី​លាក់ខ្លួន​នៅក្នុង​ក្រុមហ៊ុន ដោយ​ភ្លាមៗ​នោះ​លោក​ក៏បាន​រាយការណ៍​ទៅ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ឲ្យ​ចាត់​វិធានការ​ទៅលើ​រថយន្ត​បង្ក​នេះ។​

​តាម​ការអះអាង​ពី​ប្រភព​ជាច្រើន ពិសេស​គឺ​ម៉ូយ​ទឹកកក​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​គឺជា​របស់​ក្រុមហ៊ុន​ទឹកកក​ដែលមាន​ថៅកែ​ឈ្មោះ ចិន ម៉ៅ ហើយ​អ្នក​ដែល​បើកបរ​នៅពេលនោះ ​គឺជា​កូនប្រុស​បង្កើត​របស់​ថៅកែ ដែល​គេ​នោះ​មានឈ្មោះ​ ចឹក ម៉ឺន ហៅ​ប៉ាវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅក្នុង​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។​

​រហូតមកទល់​នឹង​ពេលនេះ គឺ​ប្រភព​មួយចំនួន​បាន​និយាយថា រថយន្ត​បង្ក​គឺ​ម្ចាស់​នៅ​រក្សាទុក​សម្រាប់​ប្រើប្រាស់​ជាធម្មតា ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ធ្វើការ​ដកហូត​យកមក​រក្សា​ទុក​នៅ​ការិយាល័យ​ជា​បណ្ដោះអាសន្ន​សោះឡើយ​ ខណៈដែល​ដំណោះស្រាយ​មិនទាន់​ត្រូវរ៉ូវ​គ្នា ហើយ​ម្ចាស់​ក្រុមហ៊ុន​បាន​បង្វែរ​ថា​អ្នកបើកបរ​ឈ្មោះ ឌី បច្ចុប្បន្នរ​ត់ទៅ​ខេត្តតាកែវ​បាត់ទៅហើយ ដោយ​គេ​មិនដឹង​ជា​ទៅរក​នៅទីណា​នោះទេ ព្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់។​

​រាល់​ពាក្យសម្ដី​ទាំងនេះ សមត្ថកិច្ច​បាន​រិះគន់ថា រថយន្ត​មានតម្លៃ​រាប់​ម៉ឺន កោត​ម្ចាស់​រថយន្ត​ហ៊ាន​ឲ្យ​មនុស្ស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទៅ​បើកបរ សម​ទេ? ឬមួយ​ក៏​គ្រាន់តែ​ជា​លេស​ដើម្បី​បញ្ចៀស​ឲ្យ​កូនប្រុស​របស់ខ្លួន​រួចផុត​ពី​សំណាញ់​ច្បាប់?

​លោក គឹម គា នាយផ្នែក​ដោះស្រាយ គ្រោះថ្នាក់​ចរាចរណ៍ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​បាន​លើកឡើងថា បញ្ហា​នេះ ភាគី​ទាំងសងខាង បាន​ចូលខ្លួន​មក​ចរចា​គ្នា​មួយ​លើក​រួច​ទៅ​ហើយ ប៉ុន្តែ​មិនទាន់​ត្រូវ​គ្នា​នៅឡើយ ដោយសារតែ​ភាគី​បង្ក​ព្រម​សង​ក្នុង​តម្លៃ​ថោក ហើយ​លោក នឹង​ព្យាយាម​កោះហៅ​ឲ្យ​ជួបគ្នា​ជា​លើក​ទី​២​ម្តងទៀត​ ដើម្បី​បញ្ចប់​រឿង ហើយ​ឲ្យ​ភាគី​រថយន្ត​ចូលខ្លួន​ទៅ​រំលត់​បណ្ដឹង​អាជ្ញា​ដោយ​ខ្លួនឯង​នៅ​តុលាការ​ចុះ។​

​ប្រភព​ជាច្រើន បាន​រង់ចាំ​មើលថា តើ​ភាគី​រថយន្ត​ព្រម​សម្របសម្រួល​នៅ​ត្រឹម​ការិយាល័យ ឬក៏​បន្ត​ទៅ​សម្របសម្រួល​នៅឯ​តុលាការ ដោយសារតែ​គេ​អាង​ខ្សែ​នេះ ខ្សែ​នោះ ចំណែក​រថយន្ត​ក៏​គួរតែ​តំណាង​អយ្យការ ធ្វើការ​រឹបអូស​យកមក​រក្សា​ទុកជា​បណ្ដោះអាសន្ន ប្រសិនបើ​ភាគី​បង្ក​អូសបន្លាយ​ពេល​កាន់តែ​យូរ​ដោយ​មិន​ព្រម​រក​ដំណោះស្រាយ​ទេនោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu