បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពគាស់ទម្លុះទម្លាយដើម្បីចូលលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវបានកម្លាំងក្រុមបង្ការ បង្ក្រាប នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចូលលួចទូរសព្ទដៃទំនើបៗ ជាច្រើនគ្រឿង កាលពី ២ថ្ងៃមុន។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ពេលរំលងអធ្រាត្រមានករណីគាស់ទម្លុះទម្លាយតូបលក់ទូរស័ព្ទដៃមួយបានកើតឡើង នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយបានយកទូរស័ព្ទអស់ចំនួន២១គ្រឿង ដែលតូបនោះជារបស់ជនរងគ្រោះឈ្មោះ លឹម សុធារី ភេទស្រី អាយុ៣៧ឆ្មាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បន្ទាប់ពីបានស្រាវជ្រាវអស់មួយរយៈរួចមក នៅថ្ងៃទី២៥ ខែធ្នូ វេលាម៉ោង៧ព្រឹក កម្លាំងក្រុមបង្ការ បង្ក្រាបបានចេញប្រតិបត្តិការទៅកាន់ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ផាន់រ៉ូត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺដកហូតទូរស័ព្ទដៃ ចំនួន១៦គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយករណីនេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments