ភ្នំពេញ ៖ ក្មេងសិស្សសាលាជំទង់ៗ៣នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ហើយទៅបុកនឹងរថយន្តដឹកដីកំពុងឆ្លងផ្លូវ បណ្ដាលឲ្យក្មេងប្រុសម្នាក់បោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងក្មេងស្រី២នាក់ទៀតបានរងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ ចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ក្មេងប្រុសរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់នេះ ឈ្មោះ ហម រតនះ ហៅហ្គោ អាយុ១៧ឆ្នាំ មានលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FC.២៩៧១។ ចំណែកក្មេងស្រី២នាក់ទៀត ជាសិស្សសាលា បានរងរបួសស្រាល ពុំត្រូវស្គាល់ឈ្មោះឡើយ បានបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ។
រីឯរថយន្តបែនដឹកដី ម៉ាកស៊ីសាន់ ពណ៌លឿន ពាក់ស្លាកលេខចង្កូតស្តាំ ភ្នំពេញ.១៥២៧ ជារបស់ក្រុមហ៊ុន អិល អិន អេសខេខនស្ត្រាក់សិន អ្នកបើកបរបានរត់គេចបាត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងខាងលើជិះគ្នា៣នាក់ ប្រុសម្នាក់ និងក្មេងស្រី២នាក់ បានធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទិសដៅពីជើង ទៅត្បូង ខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏មានរថយន្តបែនដឹកដីខាងលើ បានធ្វើដំណើរចេញពីផ្លូវលំពីទិសខាងលិច ឆ្លងផ្លូវ ស្រាប់តែម៉ូតូបើកក្នុងល្បឿនលឿនមកបុកចំកណ្តាលរថយន្តបណ្តាលឲ្យក្មេងប្រុស ដែលជាអ្នកជិះម៉ូតូបោកក្បាលផ្ទប់ទៅនឹងទ្រុងរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពាក់មួកសុវត្ថិភាពតែម្ដង។ ចំណែកក្មេងស្រី២នាក់ដែលជិះក្រោយរងរបួសស្រាល។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបរ រថយន្តបានគេចបាត់។ ភ្លាមៗនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ សម្រួលចរាចរចាត់ចែង នាំក្មេងស្រីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកសម្តេចឪនៅក្បែរនោះ ចំណែក សពក្មេងប្រុសនោះ ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ នគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នាជាក្រោយ៕
Source: Kampuchea Thmey Daily
0 Comments