ព្រៃវែង ៖ ប្រជាពលរដ្ឋ ដែលប្រកបមុខរបរដាំអំពៅ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពោរពេញទៅដោយទឹកមុខញញឹមញញែម និងសប្បាយរីករាយគ្រប់ៗគ្នា ដោយសារតែឆ្នាំនេះ អំពៅដែលពួកគាត់បានដាំដុះ ទទួលបានទិន្នផលខ្ពស់ និងលក់ក៏លក់បានថ្លៃគួរសម អាចទទួលយកបាន ហើយបច្ចុប្បន្ន ពួកគាត់កំពុងចាប់ផ្ដើមដាំដុះបន្តទៀត។
លោក ភាន គឿន រស់នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានឲ្យដឹងថា ដំណាំអំពៅឆ្នាំនេះ គ្រប់ៗគ្នាទទួលបានទិន្នផលខ្ពស់ ហើយតម្លៃក៏ថ្លៃដែរ កសិករ អាចទទួលយកបាន មិនតែប៉ុណ្ណោះឆ្នាំនេះ ឈ្មួញមិនសាំញ៉ាំច្រើនដូចឆ្នាំមុនទេ មកទិញដល់កន្លែង ដឹកតាមរថយន្ត យកទៅលក់នៅភ្នំពេញតែម្តង។
ចំពោះតម្លៃអំពៅសម្រាប់ឆ្នាំនេះវិញ លោកថា អំពៅ១ដើម លក់បានពី៦០០ ទៅ៧០០រៀល ហើយក្នុង១ហិកតា អាចលក់បានចាប់ពី២៨លាន ទៅ៣០លានរៀល បានថ្លៃជាង ឆ្នាំមុនជិតពីរដង ដែលឆ្នាំមុនក្នុង១ដើម លក់បានត្រឹមតែ៤០០ ទៅ៤៥០រៀល ប៉ុណ្ណោះ។ ចំណែក ការចំណាយដើមទុនលើការដាំដុះវិញ គឺអស់ត្រឹមតែប្រមាណពី១៣លាន ទៅ១៥ លានរៀលទេ។ លោកបញ្ជាក់ដែរថា អំពៅបើចុះថ្លៃបំផុត ក៏អាចលក់បានរួចថ្លៃដើមដែរ។
លោក ភាន គឿន បន្តថា ចំពោះពេលវេលា និងបរិមាណ នៃការដាំដុះវិញ ជាទូទៅ ផ្ទៃដី១ហិកតា អាចដាំអំពៅបានចន្លោះពី ៦ម៉ឺន ទៅ៦ម៉ឺន៥ពាន់ដើម ដោយចាប់ផ្ដើម ដាំដុះចាប់ពីចុងខែ១២នេះទៅ ហើយចាប់ផ្ដើមប្រមូលផលមកវិញ នៅចន្លោះចាប់ពីខែ៧ទៅខែ៨ រៀងរាល់ឆ្នាំ ឬអាចយូរជាងនេះ ដោយផ្អែកទៅលើបច្ចេកទេស និងអាកាសធាតុអំណោយផល ឬអត់។
លោក ភាន គឿន បានបន្ថែមថា បន្ទាប់ពីប្រមូលផលអំពៅរួច ផ្ទៃដីដាំអំពៅ នៅរដូវវស្សាបានដាំដំណាំស្រូវជំនួសវិញ ហើយការដាំស្រូវមិនប្រើជីច្រើនទេ ដោយឫសអំពៅ និងគល់អំពៅបានរលួយក្លាយជាជីធម្មជាតិធ្វើឲ្យស្រូវលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ធ្លាប់បានបញ្ជាក់ នាពេលកន្លងមកថា នៅទូទាំងខេត្តព្រៃវែង មានកសិករប្រកបមុខរបរដាំ អំពៅសរុប ប្រមាណជាង ៣០០គ្រួសារ នៅលើផ្ទះដីជាង៥០០ហិកតា ក្នុងនោះ ស្រុកស្វាយអន្ទរ មានអ្នកដាំច្រើនជាងគេ។
ដោយឡែកស្រុកបាភ្នំ និងស្រុកព្រះស្តេច ក៏មានអ្នកដាំដែរ ប៉ុន្តែក្នុងទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារ ដោយសារពួកគាត់ ទើបតែចាប់ផ្ដើមសាកល្បង ដាំដុះ៕
Source: Kampuchea Thmey Daily
0 Comments