ភ្នាក់ងារគយនិងការពារព្រំដែន (CBP) បាននិយាយថា ជនអន្តោប្រវេសន៍អាយុ៨ឆ្នាំម្នាក់មកពីប្រទេសហ្គាតេម៉ាឡា បានស្លាប់នៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដែលនេះជាកុមារទីពីរហើយដែលបានស្លាប់ក្នុងការឃុំឃាំងរបស់អាមេរិកនៅខែនេះ។
ភ្នាក់ងារនេះបាននិយាយថា ក្មេងប្រុសម្នាក់នេះដែលនៅជាមួយឪពុកគឺត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ New Mexico បន្ទាប់ពីបានបង្ហាញសញ្ញាថាមានជំងឺកាលពីថ្ងៃចន្ទ។
បុគ្គលិកបានធ្វើរោគវិនិច្ឆ័យឃើញថា កុមាររូបនេះមានជំងឺផ្តាសាយប៉ុន្តែក្រោយមកបានរកឃើញមានជំងឺគ្រុនក្តៅ។ កុមារត្រូវបានបញ្ជូនចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះនៅពេលថ្ងៃត្រង់ជាមួយវេជ្ជបញ្ជាឲ្យទិញថ្នាំ Ibuprofen និងថ្នាំ Antibiotic Amoxicillin។
ក្រោយមកកុមាររូបនេះត្រូវបានបញ្ជូនត្រលប់ទៅមន្ទីរពេទ្យវិញបន្ទាប់ពីមានសញ្ញានៃការចង្អោរនិងក្អួតហើយបានស្លាប់ភ្លាមៗបន្ទាប់ពីពេលពាក់កណ្តាលយប់។
CBP បាននិយាយថា ខ្លួនមិនបង្ហាញមូលហេតុនៃការស្លាប់នោះទេប៉ុន្តែនឹងធានានូវការពិនិត្យឡើងវិញដោយឯករាជ្យនិងហ្មត់ចត់នៃកាលៈទេសៈនេះ។
ស្របពេលជាមួយគ្នានោះ ប្រទេសហ្គាតេម៉ាឡាបានអំពាវនាវឲ្យអាជ្ញាធរអាមេរិកធ្វើការស៊ើបអង្កេតច្បាស់លាស់អំពីការស្លាប់នេះហើយបន្ថែមថា “របាយការណ៍វេជ្ជសាស្ត្រត្រូវបានស្នើឲ្យបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់កុមាររូបនេះ”។
ការស្លាប់របស់ក្មេងប្រុសរូបនេះបានកើតឡើងនៅថ្ងៃតែមួយដែលកុមារី Jakelin Caal ត្រូវបានគេបញ្ចុះ។ កុមារី Jakelin Caal ដែលជាជនអន្តោប្រវេសន៍ហ្គាតេម៉ាឡាគឺបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងអាមេរិកក្រោមកាលៈទេសៈដូចគ្នានេះកាលពីដើមខែនេះ។
សាកសពរបស់នាងត្រូវបានគេធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃអាទិត្យហើយបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ សាកសពរបស់នាងបានទៅដល់ភូមិដាច់ស្រយាលដែលជាកន្លែងគ្រួសាររបស់នាងរស់នៅ។
ការស្លាប់របស់នាង Jakelin Caal កាលពីថ្ងៃទី៨ ខែធ្នូ បានបញ្ឆេះឲ្យមានការជជែកពិភាក្សាគ្នាជាថ្មីនៅសហរដ្ឋអាមេរិកស្តីពីគោលនយោបាយអន្តោប្រវេសន៍និងការប្រព្រឹត្តលើជនចំណាកស្រុក៕ AFP
Source: Kampuchea Thmey Daily
0 Comments