Ad Code

ព្រះរាជអាជ្ញា​បន្ទាយមានជ័យ ​ចុះ​ត្រួតពិនិត្យ​បិទ​អាជីវកម្ម​កែច្នៃ​កាត់ត​រថយន្ត​ខុសច្បាប់​កណ្ដាល​ក្រុង​សិរីសោភ័ណ​



​បន្ទាយមានជ័យ ៖ ទីតាំង កែច្នៃ​កាត់ត​រថយន្ត​អត់​ពន្ធ​មួយកន្លែង​កណ្តាល​ក្រុង​សិរីសោភ័ណ ត្រូវបាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​នគរបាល ចុះ​ត្រួតពិនិត្យ បិទ​អាជីវកម្ម។

​ការត្រួតពិនិត្យ បិទ​អាជីវកម្ម​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ទីតាំង​ធ្វើ​អាជីវកម្ម​ផ្ទាល់ ស្ថិតនៅ​ចន្លោះ​ផ្លូវ​លេខ​៧ និង​ផ្លូវ​លេខ​៨ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ឧត្ដមសេនីយ៍​ត្រី ចាប សុ​ផា​ឬ​ទ្ធិ ស្នងការ​រង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ។

លោក​ឧត្ដមសេនីយ៍​ត្រី ចាប សុ​ផា​ឬ​ទ្ធិ ស្នងការ​រង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ទីតាំង​អាជីវកម្ម​កាត់ត កែច្នៃ​រថយន្ត​អត់​ពន្ធ ដែល​ត្រូវ​សមត្ថកិច្ច​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​នេះ​ជា​របស់​ឈ្មោះ សំ ប៊ុនធឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​បើក​ធ្វើ​អាជីវកម្ម​ប្រហែល​១​ឆ្នាំ​មកហើយ។ ក្នុងការ​ត្រួតពិនិត្យ​នេះ សមត្ថកិច្ច​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ២​គឺ ទី​១ កាត់ត​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​នាំ​យក​ក្បាល និង​កន្ទុយ​រថយន្ត មក​ផ្សា​ផ្គុំ​គ្នា​ក្លាយ​ជា​ទ្រង់ទ្រាយ​រថយន្ត ដែល​ការធ្វើ​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​ដល់​អ្នកប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ។ និង​ទី​២ វា​ក៏​ជា​បទល្មើស​គេចពន្ធ​មួយ​ដែរ ព្រោះ​ក្បាល​រថយន្ត​ដែល​គាត់​នាំចូល​មក​ គឺ​មិនមាន​ការបង់ពន្ធ​នោះទេ ដូច្នេះ​រថយន្ត​ដែល​គាត់​ផ្គុំ​ឡើង​ គឺជា​រថយន្ត​គ្មាន​ពន្ធ។

​លោក​បន្តថា ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ សមត្ថកិច្ច​រកឃើញ​វត្ថុ​តាម​មួយចំនួន​ដូចជា - រថយន្ត​ឡុ​ច​ស៊ី​ស RX300 ពណ៌​ខ្មៅ​កាត់ត ១​គ្រឿង - រថយន្ត​ឡុ​ច​ស៊ី​ស RX300 ពណ៌​បៃតង​កំពុង​កាត់ត ១​គ្រឿង - រថយន្ត​តូយ៉ូតា​កាមរី​ហាយ​ព្រី​ត ពណ៌​ទឹកមាស ផលិត​ឆ្នាំ​២០០៧ ដាច់​ជា​២​មិនទាន់​ត​ភ្ជាប់ ១​គ្រឿង - ក្បាល​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ខ្មៅ ១​គ្រឿង​គ្មាន​តួ និង សម្ភារៈ​ពាក់ព័ន្ធ​នឹង​ការកាត់ត​តម្លើង​រថយន្ត​មួយ​ចំនួនទៀត។

​លោក​បញ្ជាក់ថា ជាបឋម​ទីតាំង​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើ​ការបិតជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​ចូលខ្លួន​ដោះស្រាយ ហើយ​ករណី​នេះ សមត្ថកិច្ច​ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu