Ad Code

ការវាយប្រហារ​ ដែល​អះ​អាង​ដោយ​ក្រុម IS លើ​ក្រសួងការបរទេស​លី​ប៊ី​ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់



អ្នក​វាយប្រហារ​អត្តឃាត​បាន​វាយលុក​ក្រសួងការបរទេស​លី​ប៊ី​នៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី​កាល​ពីថ្ងៃ​អង្គារ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​បីនាក់​រួមទាំង​មន្ត្រីជាន់ខ្ពស់​ម្នាក់​ផងដែរ​នៅក្នុង​ការវាយប្រហារ​មួយ​ដែល​អះអាង​ដោយ​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​។​

អាជ្ញាធរ​បាន​និយាយថា មនុស្ស​២១​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​។​
​អ្នកនាំពាក្យ​កងកម្លាំង​ពិសេស​លោក Tarak al-Dawass បាន​និយាយថា គ្រាប់បែក​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះ​នៅក្បែរ​ក្រសួង​ដែល​ជំរុញ​ឲ្យ​កងកម្លាំង​សន្តិសុខ​ប្រញាប់​ទៅ​កន្លែងកើតហេតុ​។​

គាត់​បាន​និយាយថា បន្ទាប់មក អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ជាន់​ទី​ពីរ​នៃ​អគារ​ខណៈដែល​អ្នក​វាយ​ប្រហារ​ទី​ពីរបាន​ស្លាប់​នៅពេល​វ៉ា​លី​ដែល​គាត់​កាន់​បាន​ផ្ទុះឡើង​។​

លោក Dawass បាន​បន្ថែមថា អ្នក​វាយប្រហារ​ទី​បី​ដែល​គ្មាន​អាវុធ​និង​ពាក់អាវ​ការពារ​គ្រាប់កាំភ្លើង​គឺ​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ខាងក្រៅ​។​

យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងតិច​៣​នាក់​ត្រូវបាន​សម្លាប់​និង​២១​នាក់​រងរបួស​។​

រដ្ឋមន្ត្រីការបរទេស​លោក Tahar Siala បាន​និយាយថា អ្នកស្លាប់​ម្នាក់​គឺជា​អ្នកការទូត​ជាន់ខ្ពស់​ឈ្មោះ Ibrahim al-Shaibi ដែលជា​ប្រមុខ​នាយកដ្ឋាន​នៅក្នុង​ក្រសួង​របស់គាត់​។​

ផ្សែង​ខ្មួលខ្មាញ់​ត្រូវបាន​គេ​មើលឃើញ​ហុយ​ចេញពី​អគារ​ខណៈ​រថយន្ត​សង្គ្រោះបន្ទាន់ បុគ្គលិក​ពេទ្យ​និង​កងកម្លាំង​សន្តិសុខ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​។​

ក្រុម IS បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ដោយ​និយាយថា វា​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​ទាហាន​រដ្ឋ​កាលី​ហ្វ​៣​នាក់​ដែលមាន​ប្រដាប់​ដោយ​ខ្សែក្រវ៉ាត់​អត្តឃាត​និង​អាវុធ​ស្វ័យប្រវត្តិ​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Fathi Bash Agha បានទទួល​ស្គាល់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ភាពវឹកវរ​ផ្នែក​សន្តិសុខ​បាន​ឆាបឆេះ​ឡើង​នៅក្នុង​ប្រទេស​លី​ប៊ី​ហើយ​មិនអាច​គ្រប់គ្រង​បានទេ​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu