ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាកាលពីថ្ងៃអង្គារថា លោកនឹងមិនបើករដ្ឋាភិបាលឡើងវិញទេរហូតទាល់តែលោកទទួលបានទឹកប្រាក់ចំនួន៥ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ជញ្ជាំងព្រំដែនរបស់លោក។ លោកបានអះអាងបែបនេះខណៈដែលការបិទរដ្ឋាភិបាលដោយផ្នែកបានអូសបន្លាយចូលដល់ថ្ងៃទីបួន។
ការទាមទាររបស់លោក Trump សម្រាប់របាំងដ៏រឹងមាំនៅព្រំដែនអាមេរិក - ម៉ិកស៊ិកដែលជាពាក្យសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកគឺត្រូវបានច្រានចោលដោយអ្នកប្រជាធិបតេយ្យនិងអ្នកសាធារណរដ្ឋមួយចំនួន។ ដើម្បីជាការសងសឹក កាលពីសប្តាហ៍មុនលោក Trump បានបដិសេធចុះហត្ថលេខាលើវិក័យប័ត្រចំណាយដ៏ទូលំទូលាយមួយដែលនាំឲ្យរដ្ឋាភិបាលអាមេរិកត្រូវបិទផ្នែកខ្លះ។
ប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានបន្ទាប់ពីសន្និសីទតាមទូរស័ព្ទបុណ្យណូអែលប្រចាំឆ្នាំជាមួយកងទ័ពអាមេរិកថា “ខ្ញុំមិនអាចប្រាប់អ្នកបានទេថាតើពេលណាទើបរដ្ឋាភិបាលនេះនឹងបើក។ ខ្ញុំអាចប្រាប់អ្នកបានថា វានឹងមិនបើកទេរហូតដល់យើងមានជញ្ជាំង មានរបង មានអ្វីដែលពួកគេចង់បាន”។
លោក Trump បានបញ្ជាក់ជាថ្មីអំពីការអះអាងមួយដែលធ្វើឡើងនៅលើ Twitter កាលពីថ្ងៃចន្ទថា លោកបានយល់ព្រមរួចហើយលើកិច្ចសន្យាសាងសង់កំពែងប្រវែង១៨៥គីឡូម៉ែត្រនៅរដ្ឋតិចសាស់បើទោះបីជាសេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីគម្រោងនេះក៏ដោយ។
លោកបាននិយាយថា លោកនឹងធ្វើដំណើរទៅមើលព្រំដែននៅចុងខែមករាសម្រាប់ការចាប់ផ្តើមសាងសង់វា។ លោកបន្តថា “វានឹងត្រូវបានសាងសង់ដោយក្តីសង្ឃឹមនិងយ៉ាងឆាប់រហ័ស”។
ទោះបីជាយ៉ាងណាក៏ដោយ ព្រឹទ្ធសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យលោក Chuck Schumer បាននិយាយកាលពីចុងសប្តាហ៍ថា លោកប្រធានាធិបតីត្រូវតែបោះបង់ចោលជញ្ជាំងព្រំដែនដើម្បីបើករដ្ឋាភិបាលឡើងវិញ៕ AFP
Source: Kampuchea Thmey Daily
0 Comments