Ad Code

ទាហាន​គាំទ្រ​រដ្ឋាភិបាល​១០​នាក់​ ត្រូវបាន​សម្លាប់​នៅ​ទីក្រុង Hodeida ចាប់តាំងពី​បទ​ឈប់​បាញ់​យេ​មែន​ចូល​ជា​ធរមាន



មន្ត្រី​ម្នាក់​នៃ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​គាំទ្រ​ពួក​ស្មោះស្ម័គ្រ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គការ​ថា កងទ័ព​គាំទ្រ​រដ្ឋាភិបាល​ចំនួន​១០​នាក់​ត្រូវបាន​សម្លាប់​និង​១៤៣​នាក់​បាន​រងរបួស​ក្នុង​ទីក្រុង Hodeida ចាប់តាំងពី​បទ​ឈប់​បាញ់​មួយ​ចូល​ជា​ធរមាន​កាលពី​សប្តាហ៍​មុន​។​

វា​ជា​លើកដំបូង​ហើយ​ដែល​ក្រុមចម្រុះ​និយាយថា កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ត្រូវបាន​សម្លាប់​ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយស្រួយ​មួយ​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១៨​ខែធ្នូ​។​

មន្ត្រី​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​ក៏បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម Huthi ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ថា​បាន​រំលោភបំពាន​លើ​បទ​ឈប់​បាញ់​នេះ​១៨៣​ដង​នៅក្នុង​និង​ជុំវិញ​ទីក្រុង Hodeida ផងដែរ​។​

លោក​បាន​និយាយថា “​ក្រុមចម្រុះ​មិនបាន​សងសឹក​ហើយក៏​មិនបាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ណាមួយ​ឬ​បាញ់កាំភ្លើង​ធំ​ដែរ​ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​បានចាប់ផ្តើម​”​។​

បទ​ឈប់​បាញ់​ដែលជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​យ៉ាង​ខ្លាំងក្លា​ដឹកនាំ​ដោយ UN គឺ​នៅតែ​មានការ​រង្គោះ​រង្គើខ​ណៈ​ភាគី​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការបំពាន​។​

ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​សញ្ជាតិ​ហូ​ឡង់​លោក Patrick Cammaert កំពុង​ដឹកនាំ​គណៈកម្មាធិការ​រួមមួយ​ដែល​រួមមាន​ទាំង​សមាជិក​រដ្ឋាភិបាល​និង​ក្រុម Huthi ផងដែរ​ដើម្បី​ត្រួតពិនិត្យ​មើល​បទ​ឈប់​បាញ់​នេះ​។​

លោក Cammaert បាន​ទៅដល់​ទីក្រុង Hodeida កាលពី​ថ្ងៃអាទិត្យ​ពី​រដ្ឋធានី Sanaa ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ទីក្រុង Aden ។​

ភាគី​សង្គ្រាម​យេ​មែន​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​ដើម្បី​បញ្ឈប់​ការវាយលុក​ដ៏​បំផ្លិចបំផ្លាញ​មួយ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​និង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុង Hodeida អំឡុង​កិច្ចចរចា​សន្តិភាព​ក្នុងប្រទេស​ស៊ុយអែត​នៅ​ខែ​នេះ​។​

យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា មនុស្ស​ប្រហែល​១​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ក្រុមចម្រុះ​ចូលធ្វើ​អន្តរាគមន៍​ក្នុង​ឆ្នាំ​២០១៥​បើទោះបីជា​ក្រុម​សិទ្ធិមនុស្ស​និយាយថា ចំនួន​អ្នកស្លាប់​អាច​កើនឡើង​ខ្ពស់ជាង​នេះ​ប្រាំ​ដង​ក៏ដោយ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu