ភ្នំពេញ ៖ ជនជាតិចិនចំនួន៧នាក់ ក្នុងចំណោម១៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃបញ្ជូន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ។
ជនសង្ស័យជាជនជាតិចិនដែកត្រូវបញ្ជូនឡើងតុលាការនេះ ទី១.ឈ្មោះ WANG LONG ភេទប្រុស អាយុ៣០ឆ្នាំ។ ទី២.ឈ្មោះ YU HAO ភេទប្រុស អាយុ២០ឆ្នាំ។ ទី៣.ឈ្មោះ PENG CHONG ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៤.ឈ្មោះ ឈឹង លីមីង ហៅ ហ្វាង សឺ ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៥.ឈ្មោះ អ៊ូ រួយ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៦.ឈ្មោះ ZHOU YUAN ភេទប្រុស អាយុ៣១ឆ្នាំ និងទី៧.ឈ្មោះ DENG CHOAN QIANG ភេទប្រុស អាយុ៣០ឆ្នាំ។ ព្រះរាជអាជ្ញាអមសាលាដំបូងកំពុងធ្វើការសាកសួរក្រុមជនជាតិចិនទាំង៧នាក់នៅឡើយ។
នៅឯសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ធ្នូ មានករណីជនជាតិចិន២នាក់ ជិះរថយន្តម៉ាកឡិចស៊ីសអែរអិច៣០០ ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពចាប់ឈ្មោះ HAN XIAO FEI ជាជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យកទៅបង្ខាំងទុកធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់។
ប្រភពបន្តថា ជនសង្ស័យបានចាប់ជនរងគ្រោះយកទៅបង្ខាំងទុកនៅអាគារលេខ៦៩KJ ផ្លូវកាំកូស៊ីធី ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានបក្សពួកចិនដូចគ្នាមួយចំនួនទៀតកំពុងរង់ចាំនៅទីនោះ។ នៅពេលជនសង្ស័យបានចាប់ខ្លួនជនរងគ្រោះយកទៅបង្ខាំងទុក ក្រោយមកស្រាប់តែជនសង្ស័យបានទូរស័ព្ទគំរាមទារប្រាក់ពីក្រុមក្រុមគ្រួសារជនរងគ្រោះចំនួន៦. ០០០ដុល្លារអាមេរិក ( ប្រាំមួយពាន់ ) ជាថ្នូរនឹងការធ្វើទារុណកម្ម រួមទាំងការដោះលែងជនរងគ្រោះ ។
លុះថ្ងៃទី២៣ធ្នូ ក្រុមគ្រួសារជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយសហការវែកមុខក្រុមឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់។ បានជានៅរសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យនៅពេលពួកគេបានណាត់ក្រុមគ្រួសារជនរងគ្រោះឲ្យទៅទទួលយកប្រាក់ និងឈានដល់ក្រសោបទាំងសំបុកចំនួន១៥នាក់ នៅម្តុំកាំកូស៊ីធី ដែលពេលនោះសមត្ថកិច្ច ក៏បានរំដោះជនរងគ្រោះពីកណ្ដាប់ដៃក្រុមឧក្រិដ្ឋជនមកវិញដែរ។
ក្រោយពេលរំដោះ ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃមិនចាំខែធ្នូ ឆ្នាំ២០១៨ រូបគេបានខ្ចីប្រាក់ឈ្មោះ WANG ZIHIO ចំនួន២.២០០ដុល្លារអាមេរិក(ពីរពាន់ពីររយ) និងគិតការប្រាក់៨០០ដុល្លារអាមេរិក។
លុះវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ធ្នូ ម្ចាស់ប្រាក់ និងបក្សពួក បានជិះរថយន្តឡិចស៊ីសណាត់រូបគេទៅជួបនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលជួបគ្នាហើយជនសង្ស័យបានបង្ខំឲ្យរូបគេសងប្រាក់ចំនួន៣.៥០០ដុល្លារអាមេរិក (បីរយ) ពេលនោះពួកគេមិនទាន់បាននិយាយគ្នាស្រួលបួលផង ស្រាប់តែជនសង្ស័យចាប់ខ្លួនរុញចូលរថយន្តដឹកចេញទៅ និងបង្ខាំងទុកធ្វើទារុណកម្មជំរិតទារប្រាក់៦ពាន់ដុល្លារ។
ករណីខាងលើនេះ ដំបូងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានធ្វើការឡោមព័ទ្ធចាប់ខ្លួនជនជាតិចិនចំនួន១៥នាក់ ដាក់ដៃខ្នោះរឹងក្រញង់គ្រប់គ្នា ប៉ុន្តែនៅពេលនាំទៅសាកសួរ មានតែ៧នាក់ទេ ដែលពាក់ពន្ធករណីបង្ខំ និងជំរិតទារប្រាក់ ចំណែក៨នាក់ទៀតនគរបាលបានរាយការណ៍ជូនស្ថាប័នអយ្យការអមសាលាដំបូងថា ពេលចាប់ស្ថិតក្នុងរង្វង់ប្រតិបត្តិការ មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសទេ ដូច្នោះតម្រូវឲ្យពួកគេវិលទៅវិញហើយ៕
Source: Kampuchea Thmey Daily
0 Comments