Ad Code

ក្រុម​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី​ព្យាយាម​ទៅ​ឲ្យ​ដល់ទី​ប្រជុំជន​ដាច់​ស្រយាល ​ដែល​រងគ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមិ



ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ ​បាន​នាំ​ពលរដ្ឋ​ដែល​ជាប់គាំង​ចេញពី​កោះដាច់​ស្រយាល​និង​បានធ្វើ​ដំណើរ​ទៅកាន់​បណ្តា​សហគមន៍​ដាច់ស្រយាល​ដែល​នៅតែ​ត្រូវការ​ជំនួយ​បន្ទាប់ពី​រលក​យក្ស​ស៊ូណាមិ​ដែល​បានសម្លាប់​មនុស្ស​ជាង​៤០០​នាក់​។​

បុគ្គលិក​ពេទ្យ​បាន​ព្រមាន​ថា ការផ្គត់ផ្គង់​ទឹកស្អាត​និង​ឱសថ​កំពុង​តែមាន​កម្រិត​ទាប​ដែល​នាំ​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​អំពី​វិបត្តិ​សុខភាព​សាធារណៈ​ខណៈ​អ្នក​នៅរស់​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជម្រក​និង​មន្ទីរពេទ្យ​។ មនុស្ស​ជាច្រើន​ត្រូវ​បាត់បង់​ផ្ទះសម្បែង​ដោយសារ​រលក​យក្ស​នេះ​។​

ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ដើម្បី​ទម្លាក់​ការផ្គត់ផ្គង់​ទៅ​សហគមន៍​តូចៗ​ដែល​ពិបាក​ទៅដល់​នៅតាម​បណ្តោយ​ឆ្នេរ​កោះ​ជ្វា​និង​ស៊ូ​ម៉ា​ត្រា​ខាងត្បូង​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយថា ពលរដ្ឋ​រាប់រយ​នាក់​ដែល​នៅតែ​ជាប់​លើ​កោះ​តូចៗ​នៃ​ច្រក​សមុទ្រ Sunda នឹង​ត្រូវបាន​នាំចេញ​តាម​ឧទ្ធម្ភាគចក្រ​ឬ​ជិះទូក​ទៅកាន់​ជម្រក​។​

សត្វ​ឆ្កែ​ហិតក្លិន​កំពុង​ត្រូវបាន​គេ​ប្រើ​ដើម្បី​ស្វែងរក​អ្នក​ដែល​នៅ​បាត់​ខ្លួន​ខណៈ​សាច់ញាតិ​ដែល​រងទុក្ខវេទនា​បាន​តម្រង់​ជួរ​នៅ​មជ្ឈមណ្ឌល​កំណត់​អត្តសញ្ញាណ​ប៉ុន្តែ​ក្តីសង្ឃឹម​នៃ​ការរកឃើញ​អ្នក​ដែល​រស់រានមានជីវិត​នៅក្រោម​កម្ទេច​ថ្ម​គឺ​បាន​រសាត់​បាត់ទៅហើយ​។​

មន្ត្រី​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាន់ខ្ពស់​លោក Dody Ruswandi បាន​និយាយថា “​យើង​កំពុង​ចាប់ផ្តើម​ចូល​ឲ្យ​ដល់​កន្លែង​នៅ​ដាច់​ឆ្ងាយ​បំផុត​ដែល​ត្រូវ​រង​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ​។ ការបំផ្លិចបំផ្លាញ​មាន​ទំហំ​ធំ​ណាស់​ប៉ុន្តែ​យើង​មិនអាច​ចូលទៅ​ទីនោះ​បានទេ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​”​។​

លោក​បាន​បន្ថែមថា ផ្លូវថ្នល់​និង​ស្ពាន​ខ្លះ​នៅ​ជិត​សហគមន៍​ដាច់ស្រយាល​គឺ​បាន​រង​ការខូចខាត​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ចូលទៅ​កាន់​ទីនោះ​កាន់តែ​លំបាក​។​

រលក​យក្ស​ស៊ូណាមិ​ដ៏​ខ្លាំងក្លា​បាន​វាយប្រហារ​កាលពី​យប់​ថ្ងៃ​សៅរ៍​ដោយ​គ្មាន​ការព្រមាន​ណាមួយ​។ វា​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ដ៏​មាន​ប្រជាប្រិយភាព​ហើយ​បាន​ជន់​លិច​សណ្ឋាគារ​ទេសចរណ៍​និង​សហគមន៍​នៅតាម​ឆ្នេរសមុទ្រ​។​

ចំនួន​អ្នកស្លាប់​ចុងក្រោយ​គឺ​៤២៩​នាក់​ខណៈ​មនុស្ស​១,៤៨៥​នាក់​រងរបួស​និង​១៥៤​នាក់​ទៀត​កំពុង​បាត់​ខ្លួន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu