ភ្នំពេញ ៖ អ្នកវិនិយោគិនក្នុងស្រុកបានសម្រេចបោះទុនជាងកន្លះលានដុល្លារអាមេរិកពង្រីកភោជនីយដ្ឋានសេវាកម្មរហ័សឡាក់គី ប៊ឺរហ្គឺរ នៅរាជធានីភ្នំពេញ ដើម្បីបម្រើទៅតាមតម្រូវរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅប្រទេសកម្ពុជា។
លោក ហេង ហាំងម៉េង អគ្គនាយកក្រុមហ៊ុនឡាក់គី ប៊ឺរហ្គឺរបានមានប្រសាសន៍ថា ការសម្រេចបើកសាខាបន្ថែមនេះ គឺដោយសារតែប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនមានសុខសន្តិភាព ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរចូលមកកម្សាន្តប្រទេសកម្ពុជាយ៉ាងច្រើន។
ជាងនេះទៅទៀត បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យមានការពេញនិយមចូលចិត្តបរិភោគអាហារបែបអឺរ៉ុបដូចជា បឺរហ្គឺរ ការ៉េមត្រជាក់ៗជាដើម ហើយហាងឡាក់គី ប៊ឺរហ្គឺរ គឺជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកអគ្គនាយកបានបន្តទៀតថា ដោយមើលឃើញពីកំណើនភ្ញៀវទេសចរ និងការគាំទ្រពីអតិថិជនទើបនៅឆ្នាំ២០១៨នេះ លោកបានសម្រេចចិត្តពង្រីកហាងឡាក់គី ប៊ឺរហ្គឺរ ជាបន្តបន្ទាប់ដែលមកដល់បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមាន១១សាខានៅខេត្តសៀមរាប មាន២សាខា និងនៅខេត្តបាត់ដំបងមាន១សាខា សរុបមាន១៤សាខា ចាប់តាំងពីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ រួមទាំងហាងឡាក់គី បឺរហ្គឺរសាខាសែនសុខ ដែលបានបើកសម្ពោធកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធនាឱកាសនោះ លោក ទី ប៊ីវី(Tee Bee Kwee) នាយកគ្រប់គ្រងទូទៅ ហាងឡាក់គី ប៊ឺរហ្គឺរ សាខាសែនសុខ បានប្ដេជ្ញាខិតខំផ្តល់សេវាជូនដល់ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានល្អស័ក្ដិសមជាហាងដែលមានភាពល្បីល្បាញមានរសជាតិឆ្ងាញ់ សេវាកម្មល្អ និងតម្លៃសមរម្យ ដើម្បីរក្សាទំនុកចិត្តរបស់អតិថិជនដែលតែងតែគាំទ្រដល់ហាងរបស់យើងតាំងពីដើមរៀងមក៕
Source: Kampuchea Thmey Daily
0 Comments