ក្រុមមន្ត្រីបាននិយាយថា កូរ៉េទាំងពីរបានរៀបចំពិធីមួយនៅថ្ងៃពុធសម្រាប់គម្រោងមួយដើម្បីភ្ជាប់ឡើងវិញនូវផ្លូវដែកនិងផ្លូវថ្នល់ បើទោះបីជាការសាងសង់មិនអាចចាប់ផ្តើមបាន ខណៈដែលការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងនៅតែបន្តក៏ដោយ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងខែតុលាដើម្បីសម្ពោធការងារលើការតភ្ជាប់ឡើងវិញនូវផ្លូវដែកនិងផ្លូវថ្នល់ដែលត្រូវបានកាត់ផ្តាច់ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
រថភ្លើងពិសេសមួយគ្រឿងបានដឹកមន្ត្រីកូរ៉េខាងត្បូង អ្នកនយោបាយនិងសមាជិកគ្រួសារដែលផ្លាស់ទីលំនៅដោយសង្គ្រាមសរុបទាំងអស់១០០នាក់ទៅកាន់ពិធីនេះនៅឯស្ថានីយ៍ Panmun ក្នុងទីក្រុងព្រំដែន Kaesong ។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ពួកគេត្រូវបានចូលរួមដោយគណៈប្រតិភូកូរ៉េខាងជើងមានសមាជិក១០០នាក់ក៏ដូចជាមន្ត្រីមកពីអង្គការសហប្រជាជាតិ ប្រទេសចិន រុស្ស៊ីនិងម៉ុងហ្គោលីផងដែរ។
ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្តល់ការគាំទ្រដល់ពិធីនេះប៉ុន្តែការសាងសង់មិនអាចចាប់ផ្ដើមបានទេខណៈទណ្ឌកម្មបានរារាំងការដឹកជញ្ជូនថាមពលនិងផលិតផលដែកក៏ដូចជាការផ្គត់ផ្គង់ផ្សេងៗទៀតផងដែរ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Kim Hyun-mee បាននិយាយថា “មានកិច្ចការជាច្រើនដែលត្រូវធ្វើមុនពេលយើងចាប់ផ្តើមការសាងសង់”។ រដ្ឋមន្ត្រីបានបន្ថែមថា ភាគីទាំងពីរនឹងធ្វើការស្ទាបស្ទង់រួមគ្នានិងធ្វើការងាររចនាសម្រាប់រយៈពេលមួយឬពីរឆ្នាំ។
ពិធីនេះគឺជាឧទាហរណ៍មួយទៀតនៃភាពស្អិតរមួតនៅក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរដែលនៅតែស្ថិតក្នុងស្ថានភាពមានសង្គ្រាមបន្ទាប់ពីជម្លោះរបស់ពួកគេបានបញ្ចប់ទៅនៅក្នុងបទឈប់បាញ់មួយដោយមិនមែនជាសន្ធិសញ្ញាសន្តិភាពទេ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានយល់ព្រមចំពោះពិធីនេះក្នុងអំឡុងកិច្ចប្រជុំកំពូលខែកញ្ញានៅទីក្រុងព្យុងយ៉ាងជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជាជំហានមួយឆ្ពោះទៅរកតំបន់ឧស្សាហកម្មរួមគ្នានិងភ្ជាប់ទំនាក់ទំនងដឹកជញ្ជូនឡើងវិញ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments