សាក្សីបាននិយាយថា សកម្មជនពីរនាក់ត្រូវបានគេនាំខ្លួនចេញកាលពីថ្ងៃពុធបន្ទាប់ពីតវ៉ានៅខាងក្រៅតុលាការដែលមានការយាមកាមយ៉ាងប្រុងប្រយ័ត្ននៅភាគខាងជើងប្រទេសចិនដែលជាកន្លែងការកាត់ទោសមេធាវីសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់នឹងត្រូវកើតឡើង។
លោក Wang Quanzhang អាយុ៤២ឆ្នាំដែលបានការពារក្រុមសកម្មជននយោបាយនិងជនរងគ្រោះនៃការរឹបអូសយកដីធ្លីគឺបានបាត់ខ្លួននៅក្នុងយុទ្ធនាការឆ្នាំ២០១៥ដែលត្រូវបានគេស្គាល់ថាជា “ការបង្ក្រាប៧០៩” ដែលសំដៅទៅលើអ្នករិះគន់តុលាការរបស់អាជ្ញាធរកុម្មុយនីស្ត។
ដោយត្រូវបានចោទប្រកាន់នៅក្នុងខែមករាឆ្នាំ២០១៦ពីបទបំផ្លិចបំផ្លាញអំណាចរបស់រដ្ឋ, លោក Wang បានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់រហូតដល់ថ្ងៃចន្ទនៅពេលមេធាវីដែលតែងតាំងដោយរដ្ឋាភិបាលរបស់គាត់បានទាក់ទងភរិយារបស់គាត់ជាមួយកាលបរិច្ឆេទតុលាការ។
មុនម៉ោង១០ព្រឹក អ្នកកាសែត AFP បានឃើញបុរសម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីគាត់តវ៉ានៅខាងក្រៅតុលាការក្នុងទីក្រុង Tianjin ដែលជាកន្លែងការកាត់ទោសរបស់លោក Wang ត្រូវបានគេជឿជាក់ថានឹងដំណើរការ។
មិនយូរប៉ុន្មាន មន្ត្រីជាច្រើននាក់ដែលស្លៀកពាក់ស៊ីវិលបានតម្រង់ទៅរកអ្នកតវ៉ាហើយបាននាំខ្លួនគាត់ចូលទៅក្នុងឡាន SUV ពណ៌ខ្មៅមួយគ្រឿងដែលកំពុងរង់ចាំ។
សាក្សីម្នាក់បានប្រាប់ AFP ថា បុរសម្នាក់ទៀតដែលកាន់សញ្ញាមួយនិយាយថា “ដោះលែងអ្នកគ្មានកំហុស Wang Quanzhang” គឺត្រូវបានអាជ្ញាធរមូលដ្ឋាននាំចេញទៅនៅម៉ោងប្រហែល៨និង១៥នាទីព្រឹក។
អ្នកស្រាវជ្រាវម្នាក់នៅអង្គការលើកលែងទោសអន្តរជាតិឈ្មោះ Patrick Poon បានកំណត់អត្តសញ្ញាណបុរសម្នាក់នោះថាមានឈ្មោះ Zhang Zhecheng ជាសកម្មជនសិទ្ធិមនុស្សមកពីខេត្ត Jiangxi ភាគកណ្តាលប្រទេសចិន។
លោក Wang ត្រូវបានគេចោទប្រកាន់ពីបទទទួលរងឥទ្ធិពលពីកងកម្លាំងប្រឆាំងចិនដែលត្រូវបានទទួលការហ្វឹកហាត់ពីក្រុមបរទេសនិងទទួលយកការផ្តល់មូលនិធិរបស់ពួកគេ។
លោក Wang ក៏ត្រូវបានគេចោទប្រកាន់ពីបទបំផ្លិចបំផ្លាញនិងបង្ខូចការពិតក្នុងករណីដែលគាត់ ធ្វើការរួមទាំង “សាសនា” ដែលគាត់កំពុងការពារផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments