គណបក្សប្រឆាំងបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបង់ក្លាដែសបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាង១០,៥០០នាក់នៅក្នុងការបង្ក្រាបមួយមុនការបោះឆ្នោតក្នុងសប្តាហ៍នេះ។
តួលេខនេះត្រូវបានបញ្ចេញបន្ទាប់ពីសហរដ្ឋអាមេរិកជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Sheikh Hasina ឲ្យធ្វើការបន្ថែមទៀតដើម្បីធានាការបោះឆ្នោតដោយសេរីនៅថ្ងៃអាទិត្យស្របពេលដែលលោកស្រីមានបំណងឈ្នះអាណត្តិទីបួន។
គណបក្សប្រឆាំងបាននិយាយថា ការចាប់ខ្លួនចាប់តាំងពីការបោះឆ្នោតត្រូវបានប្រកាសកាលពីថ្ងៃទី៨ខែវិច្ឆិកានេះគឺមានបំណងបង្កើត “បរិយាកាសភ័យខ្លាច”។
គណបក្សប្រឆាំងដ៏ធំគឺ Bangladesh Nationalist Party (BNP) ដែលមេដឹកនាំរបស់ខ្លួនឈ្មោះ Khaleda Zia កំពុងជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំបាននិយាយថា សកម្មជនរបស់ខ្លួនចំនួន ៧,០២១នាក់ត្រូវបានឃាត់ខ្លួន។
ចំណែកគណបក្ស Jamaat-e-Islami ដែលជាសម្ព័ន្ធឥស្លាមរបស់ខ្លួនបាននិយាយថា អ្នកគាំទ្រជាង៣,៥០០នាក់ត្រូវបានគេឃុំឃាំង។ គណបក្ស Jamaat-e-Islami ត្រូវបានហាមឃាត់ពីការចូលរួមក្នុងការបោះឆ្នោត។
អគ្គលេខាធិការ Jamaat លោក Shafiqur Rahman បានប្រាប់ AFP ថា “ជារៀងរាល់ថ្ងៃ សកម្មជនរបស់យើងពី៨០ទៅ៩០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។ ការចាប់ខ្លួនទាំងនេះបានបង្កើតបរិយាកាសភ័យខ្លាច”។
អ្នកនាំពាក្យប៉ូលិសលោក Sohel Rana មិនបានបញ្ជាក់ពីបុគ្គលណាមួយសម្រាប់ការចាប់ខ្លួននោះទេប៉ុន្តែបាននិយាយថា ពួកគេមិនបានធ្វើការចាប់ខ្លួនដោយគ្មានដីកាបញ្ជាឡើយ។
លោកបានប្រាប់ AFP ថា “យើងមិនដែលផ្តោតលើបុគ្គលណាម្នាក់ទេលុះត្រាតែពួកគេបំពានច្បាប់។ មនុស្សទាំងនេះមានដីកាជាក់លាក់ប្រឆាំងនឹងពួកគេ”។
លោកស្រី Hasina និងលោកស្រី Zia គឺជាគូសត្រូវនយោបាយចាប់តាំងពីការណែនាំលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩១។ ពួកគេបានផ្លាស់ប្តូរអំណាចប៉ុន្តែការគ្រប់គ្រងបច្ចុប្បន្នរបស់លោកស្រី Hasina បានបន្តចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះហើយរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី Zia នៅឆ្នាំនេះបានរារាំងលោកស្រីពីការចូលរួមក្នុងការបោះឆ្នោត៕ AFP
Source: Kampuchea Thmey Daily
0 Comments