ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កំពូលតារាចម្រៀងប្រុសពីររូប ប្រចាំហង្សមាស គឺលោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានប្រកាសជំហរបើកជំនួញរួមគ្នាជាមួយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ា់ត់ត្រា ក្នុងការបើកលក់ដីឡូត៍ និងសាងសង់បុរី ដែលគម្រោងរបស់តារាទាំង៣ គឺចំណាយអស់ជាង២០លានដុល្លារ និងធ្វើឲ្យកក្រើកយ៉ាងខ្លាំងក្នុងជំនួញអចលនទ្រព្យមួយនេះ។
តារាចម្រៀង លោក ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ត និងឧកញ៉ា ឡេង ណាវ៉ា់ត់ត្រា ក៏បានប្រកាសយ៉ាងមុខមាំថា នឹងធ្វើឲ្យជំនួញដីធ្លី និងបើកសាងសង់បុរីរបស់ខ្លួនក្លាយជាគម្រោងកាន់តែធំក្នុងពេលបន្តបន្ទាប់ ខណៈដែលក្រោយពីបើកគម្រោងយក្សនៅម្ដុំផ្សារព្រៃទទឹង លើបណ្ដោយផ្លូវជាតិលេខ៣នេះ ក៏នឹងមានគម្រោងបន្តបន្ទាប់ទៀត ដោយមិនបែកហ៊ុនគ្នាឡើយ ដើម្បីប្រកួតប្រជែង។
ថ្លែងក្នុងបើកសម្ពោធនៅលើទីតាំងដីឡូត៍ស្ថិតនៅផ្សារព្រៃទទឹង ចូលតាមច្រកវត្តអន្លង់គគីរ តាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណជា១២គីឡូ ពីរង្វង់មូលចោមចៅ ស្ថិតនៅលើផ្លូវជាតិលេខ៣ ម្ដុំផ្សារព្រៃទទឹងចូលតាមច្រកវត្តអន្លង់គគីរ លោក ព្រាប សុវត្ថិ ថ្លែងថា គម្រោងចាប់ដៃជាមួយ លោក ខេមរៈ សិរីមន្ត និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកនេះ គឺជាគម្រោងធំមួយសម្រាប់គម្រោងពុះដីឡូត៍លក់ និងសាងសង់បុរីដោយគម្រោងទាំងមូល ក្រៅពីស្ថិតនៅលើទីតាំងដែលជាទីប្រជុំជនល្អ ងាយស្រួលរស់នៅ មានតម្លៃធូរថ្លៃ ក៏ជាគម្រោងដែលបង្ហាញពីការសាមគ្គី និងយល់ចិត្តថ្លើមគ្នារវាងពួកលោកទាំង៣ ជាពិសេស គឺលោកខេមរៈ សិរីមន្ត កាន់តែល្អផងដែរ។
លោក ព្រាប សុវត្ថិ បន្តថា រវាងលោក និងលោក ខេមរៈ សិរីមន្ត គឺជាបងប្អូនគ្នាដ៏ល្អតាំងពីមុនហក់ចូលហង្សមាសមកម្ល៉េះ។ ប៉ុន្តែមកពីពេលកន្លងមក មិនមានគម្រោងឯកជនរួមគ្នាក្រៅពីប៉ះគ្នាលើឆាក ទើបធ្វើឲ្យម្នាក់ៗមានការយល់ច្រលំថា លោក និងលោកខេមរៈ សិរីមន្ត កុងគ្នា។
លោកថា សប្បាយចិត្តដែលលោក និងលោក ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាក្នុងគម្រោងធំដុំ ខណៈដែលមុខជំនួញនេះ គឺបានកិច្ចសហការ និងការដុតដៃដុតជើងពីអ្នកជំនាញដីធ្លី គឺលោក ឡេង ណាវ៉ាត់ត្រា យ៉ាងយកចិត្តទុកដាក់។
ចំណែក លោក ខេមរៈ សិរីមន្ត ក៏បានបញ្ជាក់ក្នុងវេទិកានោះថា បន្ទាប់ពីរំលេចគម្រោងយក្សមួយនេះលោក និងលោក ព្រាប សុវត្ថិ នឹងមានគម្រោងយក្សធំៗបែបនេះបន្តបន្ទាប់ទៀត ដោយការបាក់បែកសាមគ្គី គឺមិនអាចមានឡើយ ជាពិសេសនៅក្នុងកាលៈទេសៈដែលលោកក៏ត្រូវការដៃគូសហការ និងត្រូវការបង្កើនដើមទុនជាមួយដៃគូឲ្យបានច្រើនកាន់តែដើម្បីប្រកួតប្រជែងនេះ។
លោក ខេមរៈ សិរីមន្ត បន្ថែមទៀតថា គម្រោងសង់បុរី និងពុះលក់លើទីតាំងថ្មីនៅម្ដុំផ្សារព្រៃទទឹងនេះ មិនត្រឹមតែផ្ដល់ឲ្យអតិថិជននៅដីឡូត៍ល្អៗ និងសំណង់ផ្ទះរឹងមាំមិនឲ្យប៉ះពាល់មុខមាត់ជាតារាចម្រៀងរបស់ពួកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ដល់កាដូយ៉ាងពិសេសចំពោះអតិថិជនដែលជាវភ្លាមៗ ក្រោយប្រកាសសន្និសីទនេះផងដែរ។
ដោយឡែក លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា វត្តមានកំពូលតារាចម្រៀងទាំងពីររូបជាដៃគូភាគហ៊ុន មិនត្រឹមតែទទួលបានដើមទុនកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យមុខជំនួញទាំងមូលទទួលបានការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែង។
ក្នុងនោះ ចំពោះជំនឿចិត្តសម្រាប់អតិថិជន ក៏នឹងខ្ពស់ផងដែរ ដោយសារតែតារាចម្រៀងទាំងពីរគឺជាតារាល្បី ដែលអតិថិជនចង់ទិញដីឡូត៍ ឬទិញជាផ្ទះ មិនភ័យរឿងគម្រោងដីនេះជាគម្រោងដីមិនស្របច្បាប់ ឬសំណង់ផ្ទះខ្យល់។ គម្រោងទាំងមូលលោកថា ប្រើដើមច្រើនជាង២០លានដុល្លារ ដោយពួកលោកទាំង៣សុទ្ធតែមានភាគហ៊ុនជាចំណែក មិនមែន លោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត មកក្នុងតំណែងជាតំណាងក្រុមហ៊ុននោះឡើយ។
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា គម្រោងនេះ គ្រាន់តែផ្ទៃដីសម្រាប់ពុះឡូត៍ និងសង់ជាបុរី គឺមានរហូតដល់ប្រមាណ៥០ហិកតា ខណៈដែលទីតាំងទាំងមូល ក៏ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៣ ម្ដុំផ្សារព្រៃទទឹង ត្រង់វត្តអន្លង់គគីរ ដែលមានចំណាយតែប្រមាណ១០គីឡូពីរង្វង់ចោមចៅ ងាយស្រួលឲ្យអតិថិជនស្វែងរកផលចំណេញពីការទិញលក់ ឬទិញសម្រាប់ការសាងសង់ផ្ទះរស់នៅផងដែរ៕
Source: Kampuchea Thmey Daily
0 Comments