ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសនយោបាយ លំហប្រជាធិបតេយ្យ ការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប និងក្នុងស្មារតីបង្រួបបង្រួមជាតិ រដ្ឋសភាជាតិ បាននិងកំពុងសិក្សា ពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គល ដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្ដើមសកម្មភាពនយោបាយខ្លួនឡើងវិញ។
ការបញ្ជាក់បែបនេះ ត្រូវបានក្រសួងការបរទេសធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍នោះលើកឡើងថា ២៥ឆ្នាំមុន កម្ពុជាបានដំណើរការបោះឆ្នោតសកលពហុបក្សក្រោយសង្គ្រាម ជាលើកទីមួយ ក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ស្របតាមខ្លឹមសារស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ហើយបន្ទាប់មករដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានអនុម័ត បង្កើតឡើងនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលដឹកនាំព្រះរាជាណាចក្រកម្ពុជា តាមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ក្នុងកាលៈទេសៈដែលអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានចាកចេញ ទៅដោយបន្សល់ទុកឲ្យប្រទេសយើងនូវសន្តិភាពមិនពេញលេញមួយ។ ៥ឆ្នាំ ក្រោយមកទើបសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដីត្រូវបានសម្រេចជាស្ថាពរអាស្រ័យ ដោយនយោបាយឈ្នះ-ឈ្នះ និងកិច្ចប្រឹងប្រែង ដើម្បីផ្សះផ្សាជាតិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ចាប់តាំងពីពេលនោះរហូតមក ដោយមានការឧបត្ថម្ភគាំទ្រពីមិត្តភ័ក្ដិ និងស្ថាប័នអន្តរជាតិនានា នៅលើលោក កម្ពុជាបានប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញ និងលើកស្ទួយជូនប្រជាពលរដ្ឋ របស់ខ្លួននូវសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូរ ពិសេសរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។ ដោយអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ កម្ពុជាបានរៀបចំដំណើរការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយទៀតទាត់ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិ និងឆន្ទៈនយោបាយ ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដោយសេរី ត្រឹមត្រូវ តម្លាភាព និងជឿទុកចិត្តបាន។ ដំណើរការ នៃការបោះឆ្នោតទាំងនេះ បូករួមទាំងរូបភាព និងយន្តការផ្សេងៗ នៃការពិគ្រោះយោបល់ ការធ្វើសេចក្ដីសម្រេច ការចូលរួមរបស់ស្ថាប័នអង្គការសមាគម និងមហាជននានាក្នុងកិច្ចដឹកនាំប្រទេសជាតិនោះ បានពង្រឹងបន្តិចម្តងៗនូវមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា។
ដើម្បីរក្សាការពារសមិទ្ធផលដ៏មានតម្លៃខាងលើនេះ និងក្នុងគោលដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសនយោបាយ លំហប្រជាធិបតេយ្យ ការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប និងក្នុងស្មារតីបង្រួបបង្រួមជាតិ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនសាធារណៈមតិជាតិ និងអន្តរជាតិថា ១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា និងតម្លាភាព។
គណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ ហើយមានអ្នកចេញទៅបោះឆ្នោតចំនួន៨៣,០២ភាគរយ ដើម្បីសំដែងនូវបំណងប្រាថ្នារបស់ខ្លួន ចង់ឃើញនូវការបន្តមាគ៌ាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន៤១ ដែលបានចុះបញ្ជី និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ វិធានការផ្លូវច្បាប់ចំពោះគណបក្សនយោបាយបំពានច្បាប់ គឺជាការអនុវត្តគោលការណ៍នីតិរដ្ឋ ដើម្បីពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងធានាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចិរភាពរយៈពេលវែង។
ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត រដ្ឋសភាជាតិកម្ពុជា កំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គល ដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្ដើមសកម្មភាពនយោបាយខ្លួនឡើងវិញ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការពិគ្រោះយោបល់ ដែលមានលក្ខណចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលពហុវិស័យ ជាប្រយោជន៍ដល់ការកសាងប្រទេស។
ក្នុងនោះរួមមាន ការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងការបង្កើតវេទិកាពិគ្រោះយោបល់សាធារណៈ ក្នុងកិច្ចដំណើរការបង្កើតច្បាប់ និងគោលនយោបាយ។ ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវអោយអង្គតុលាការ ដែលជាស្ថាប័ន ឯករាជ្យ ពន្លឿននីតិវិធីសវនការរបស់បុគ្គលដែលជាប់បណ្ដឹងនៅតុលាការ ឬត្រូវបានគេ ចោទប្រកាន់ស្របតាមនីតិវិធីតុលាការ ដើម្បីការពារសិទ្ធពួកគាត់ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
២. រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការ សង្គមស៊ីវិល លើគ្រប់ទិដ្ឋភាព នៃការអភិវឌ្ឍន៍សង្គម។ ក្នុងស្មារតីនេះ ក្រសួងមហាផ្ទៃបានផ្ដួចផ្ដើមនូវវិធានការសំខាន់ៗមួយចំនួន មានជាអាទិ៍ ទី១, លុបចោលនូវបញ្ញត្តិតម្រូវឲ្យអង្គការសង្គមស៊ីវិលជូនដំណឹងអាជ្ញាធរមូលដ្ឋាន៣ថ្ងៃមុន នឹងរៀបចំសកម្មភាពផ្សេងៗ។ ទី២, រៀបចំវេទិកាពិគ្រោះយោបល់ទៀងទាត់ជាមួយសង្គមស៊ីវិល រៀងរាល់៦តែម្ដង ឬនៅពេលចាំបាច់។ វេទិកាពិគ្រោះយោបល់លើកទី២ គ្រោងរៀបចំឡើងនៅខែមករា ឆ្នាំ២០១៩។
រូបភាពប្រហាក់ប្រហែលនឹងវេទិកាពិគ្រោះយោបល់ខាងលើនេះ ក៏នឹងត្រូវរៀបចំនៅថ្នាក់ខេត្ត/ក្រុងផងដែរ។ ទី,បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយសំណើ និងកង្វល់របស់អង្គការសង្គមស៊ីវិល រួមទាំងបញ្ហាពាក់ព័ន្ធនឹងច្បាប់ ស្ដីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសំណើវិសោធនកម្ម។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផងដែរ។
៣.រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព។ ក្នុងនោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិមួយ ដើម្បីពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័នកន្លងមក និងដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងអង្គការពលកម្មពិភពលោក។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដាក់ជូនអង្គការពលកម្មពិភពលោកនូវផែនទី បង្ហាញផ្លូវ កាលពីខែកក្កដា ឆ្នាំមុន ដើម្បីឆ្លើយតបនឹងអនុសាសន៍១០ចំណុច ដែលបានអនុម័តនៅក្នុងសន្និសីទពលកម្មអន្តរជាតិលើកទី១០៦ កាលពីឆ្នាំ២០១៧។
លើសពីនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតក្រុមការងារមួយ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការអាជីព តំណាងនិយោជិក និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធ សំដៅដោះស្រាយការប្រឈមរបស់ពួកគេ ក្នុងការអនុវត្តច្បាប់ សហជីព។
ក្រុមការងារនេះ ក៏នឹងរៀបចំកិច្ចពិគ្រោះយោបល់ ដើម្បីប្រមូលសំណើផ្សេងៗ ពីភាគីពាក់ព័ន្ធ ដើម្បីធ្វើឲ្យច្បាប់សហជីពមានភាពប្រសើរឡើង ក្នុងករណីចាំបាច់។
សម្រាប់សហជីពដែលជាប់បណ្ដឹងនៅតុលាការ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដើម្បីពន្លឿនដំណោះស្រាយ អនុលោមតាមច្បាប់ និងនីតិវិធីជាធរមាន សំដៅធានាការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់សហជីព ក្នុងកិច្ចការពារសិទ្ធិពលករ។
៤.រាជរដ្ឋាភិបាល តែងតែយកចិកទុកដាក់ក្នុងការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ក្រសួងការបរទេសលើកឡើងទៀតថា កន្លងមក មានការចោទប្រកាន់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា ជាពិសេសករណីរបស់ព្រឹត្តិបត្រព័ត៌មានឌឹខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិក។ ក្រសួង បញ្ជាក់ពីការពិត នៃព្រឹត្តិបត្រព័ត៌មានឌឹខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិកនោះថា ព្រឹត្តិបត្រព័ត៌មានឌឹខេមបូឌាដេលី បានសម្រេចបិទការបោះពុម្ពផ្សាយដោយខ្លួនឯង ព្រោះគេចវេះមិនបំពេញកាតព្វកិច្ចពន្ធដារ ស្របតាមច្បាប់ពន្ធដារកម្ពុជា។
ក្នុងករណីដោះស្រាយបំណុលពន្ធដាររួចរាល់ហើយ ព្រឹត្តិបត្រព័ត៌មាននេះអាចចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ។ ចំណែកវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិកបានផ្ដួចផ្ដើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង។ ដូច្នេះស្ថានីយវិទ្យុទាំងពីរ ក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ។
៥.ទោះបីប្រព័ន្ធគ្រប់គ្រងដីធ្លីនៅកម្ពុជា ត្រូវបានបំផ្លាញទាំងស្រុងដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ ដើម្បីគ្រប់គ្រងវិស័យដីធ្លីឡើងវិញ ដើម្បីធានាសិទ្ធិ និងប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ។
ចំពោះករណីដីសម្បទានស្ករអំពៅ រាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើកិច្ចការជាច្រើន ដើម្បី សម្របសម្រួល និងដោះស្រាយជម្លោះនៅសេសសល់ឲ្យចប់សព្វគ្រប់។
ពាក់ព័ន្ធនឹងករណីនៅខេត្តកោះកុង និងខេត្តព្រះវិហារ ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ នឹងបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាសេសសល់ទាំងនោះ និង ស្វាគមន៍ការចូលរួមពីតំណាងសហភាពអឺរ៉ុប អង្គការសង្គមស៊ីវិល និងសហគមន៍ក្នុងមូលដ្ឋាន។
បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបន្តដោះស្រាយជម្លោះដីធ្លីផ្សេងទៀត ជំរុញ និងពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសម្រាប់សហគមន៍ជនជាតិភាគតិច ផ្ដល់ដីសម្បទានសង្គម និងដីសម្រាប់ផលិតកម្មដល់ប្រជាជនដែលពុំមានដី ព្រមទាំងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ផ្ទះសំបែងសម្រាប់អ្នកចំណូលទាប។
រាជរដ្ឋាភិបាល សង្ឃឹមលើការជួយគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែកក្នុង កិច្ចប្រឹងប្រែងខាងលើ សំដៅធានាបង្កើតសង្គមមួយប្រកបដោយសន្តិភាព និងសុខដុមរមនា ដែលគ្រប់គ្នាគោរពទាំងស្រុងនូវនីតិរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments