Ad Code

ក្រុមគ្រួសារ​ជនរងគ្រោះ​របស់​ក្រុមហ៊ុន Lion Air នឹង​ប្រមូល​ផ្តុំគ្នា​ដើម្បី​តវ៉ា​ ខណៈ​ការ​ប្រមាញ់​រក​បំណែក​យន្តហោះ​បាន​បង្កើនល្បឿន



ក្រុមគ្រួសារ​នៃ​មនុស្ស​ចំនួន​១៨៩​នាក់​ដែល​បាន​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air គ្រោង​នឹងធ្វើ​បាតុកម្ម​មួយ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខណៈពេល​មានការ​ជាប់គាំង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​នាំយក​បំណែក​ធំៗ​ឡើងមក​គោក​ហើយ​ការរក​ប្រអប់​ខ្មៅ​ទី​ពីរ​នឹងត្រូវ​ចាប់ផ្តើម​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយនេះ​។​

យន្តហោះ Boeing Co 737 MAX បាន​ធ្លាក់ចូល​សមុទ្រ​ជ្វា​កាលពី​ថ្ងៃទី​២៩​ខែតុលា​ភ្លាមៗ​បន្ទាប់ពី​ហោះហើរ​ចេញពី​ទីក្រុង​ហ្សា​ការ​តា​ប៉ុន្តែ​ក្រុមគ្រួសារ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា សាកសព​អ្នកដំណើរ​ចំនួន​៦៤​នាក់​មិនទាន់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​ហើយ​មាន​បំណែក​យន្តហោះ​ត្រឹមតែ​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញ​។​

ក្រុម​មួយ​ដែល​និយាយថា​ខ្លួន​តំណាងអោយ​ក្រុមគ្រួសារ​ប្រហែល​៥០​គ្រួសារ​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សាច់ញាតិ​សង្ឃឹមថា សមាជិក​ទាំង​អស់នៃ​គ្រួសារ​របស់​យើង​ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​នេះ​អាច​ត្រូវបាន​រកឃើញ​ហើយ​សាកសព​របស់​ពួកគេ​គួរ​ត្រូវបាន​បញ្ចុះ​យ៉ាង​ត្រឹមត្រូវ​”​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​មុន​ការជួបជុំ​តាម​ការគ្រោងទុក​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ថា “​យើង​សង្ឃឹមថា ការស្វែងរក​ជនរងគ្រោះ​នឹង​ប្រើប្រាស់​នាវា​ដែលមាន​បច្ចេកវិទ្យា​ទំនើប​”​។​

ក្រុមហ៊ុន Lion Air កំពុង​ចំណាយ​ប្រាក់​សម្រាប់​នាវា​មាន​ឯកទេស​មួយគ្រឿង​ដើម្បី​ជួយ​ស្រង់​យក​បំណែក​ដ៏​ធំ​នៃ​ជើងហោះហើរ JT 610 ហើយ​ផ្តល់អោយ​អ្នកស៊ើប​អង្កេត​នូវ​ឱកាស​កាន់តែ​ប្រសើរឡើង​ក្នុងការ​ស្វែងរក​ឧបករណ៍​ថត​សំឡេង​ក្នុង​កាប៊ីន​យន្ដហោះ​។​

ក្រុម​ដឹកជញ្ជូន​ជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា នាវា​នេះ​នឹង​មកដល់​នៅ​ថ្ងៃ​ចន្ទ​។​
​ប្រភពព័ត៌មាន​ជិតស្និទ្ធ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​បានអោយដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការស្វែងរក​កាន់តែ​ធំ​នឹង​ចំណាយ​ប្រាក់​អស់​២.៨​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ថ្ងៃ​ដំបូង​។ ប្រភព​ដដែល​បាន​បន្ថែមថា ក្រុមហ៊ុន Lion Air គឺជា​អ្នក​បង់ប្រាក់​ដោយសារតែ​រដ្ឋាភិបាល​មិនមាន​ថវិកា​ឡើយ​។​

ស្របពេល​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​មិនអាច​ផ្តល់​ការអត្ថាធិប្បាយ​ភ្លាមៗ​អំពី​បញ្ហា​ថវិកា​នេះ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu