ភ្នំពេញ ៖ សមាគមជនជាតិជប៉ុននៅកម្ពុជា បានរៀបចំកម្មវិធី មួយដែលមានឈ្មោះថា “Music Make You Smile” សម្រាប់ឆ្នាំ២០១៨ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ នៅផ្សារអ៊ីអនម៉ល១ ដែលត្រូវបានចាត់ទុកថា ជាកម្មវិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីសំខាន់ៗដទៃទៀត សម្រាប់ការរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
លោក Takuma KOICHI ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា បានឲ្យដឹងថា លោកមានបំណងចង់ពាំនាំយកនូវ “សិល្បៈនៃសិសិររដូវ” ដើម្បីមកផ្សព្វផ្សាយនៅក្នុងរាជធានីភ្នំពេញ ដែលជារាជធានីមួយពោរពេញទៅដោយ ការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានបន្តទៀតថា កម្មវិធីនេះក៏មានការចូលរួមផងដែរ ពីក្រុម “សមាគមអប្សរ” ភាគច្រើនជាស្ត្រីជនជាតិជប៉ុន ដែលសព្វថ្ងៃកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានបំណងចង់ចូលរួម ក្នុងសកម្មភាពលើកស្ទួយវិស័យវប្បធម៌ ឲ្យកាន់តែមានភាពរីកចម្រើន ពួកគាត់តែងតែផ្ដល់ឱកាសជាច្រើន ដល់សិស្សានុសិស្សដែលកំពុងរៀនព្យាណូព្រមទាំងរបាំ ដើម្បីឲ្យកូនសិស្សទាំងនោះ បានសម្ដែងសមត្ថភាពរបស់ពួកគេនៅក្នុងកម្មវិធីនានា ហើយក្រុមសមាគមនេះក៏បានប្រារព្ធកម្មវិធី Music Make You Smile នៅឆ្នាំ២០១៧ ជាលើកដំបូងផងដែរ។
អ្នករៀបចំកម្មវិធី Music Make You Smile បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ មានអ្នកចូលរួមសម្ដែងជាង ២០០នាក់ រួមទាំងកុមារាកុមារីមកពីសាលាបឋមសិក្សា Yeam Khao ដែលធ្វើឲ្យកម្មវិធីនេះ កាន់តែពិសេសទ្វេឡើងថែមទៀត។ ចំណែកឆ្នាំ២០១៧ អ្នកចូលរួមសម្ដែងមានចំនួនតែ ១២០នាក់ ហើយមានអ្នកចូលទស្សនាចំនួន ៥០០ នាក់។
អ្នករៀបចំកម្មវិធីបានបន្តថា កម្មវិធីនេះអាចដំណើរការទៅបាន ដោយមានការចូលរួមឧបត្ថម្ភពីមូលនិធិ KDDI រួមទាំងសមាជិកទាំងអស់នៃគណៈកម្មាធិការប្រតិបត្តិ សិល្បករសិល្បការនី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីឲ្យកម្មវិធីនេះដំណើរការទទួលបានជោគជ័យ។
“យើងខ្ញុំរៀបចំយ៉ាងសម្រិតសម្រាំង ដោយសង្ឃឹមថា និងជឿជាក់ថា នឹងទទួលបាននូវស្នាមញញឹមពីលោកអ្នកទាំងអស់គ្នា ដែលមានវត្តមាននៅទីនេះ” លោក Takuma KOICHI បានបញ្ជក់បន្ថែមនៅពេលចាប់ផ្ដើមសម្ដែង៕
Source: Kampuchea Thmey Daily
0 Comments