កំពង់ចាម ៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូម្នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាកឡង់គ្រីស័របុកពីក្រោយ កាលពីថ្ងៃទី17 ខែមករា ឆ្នាំ2019វេលាម៉ោង14.00នាទីនៅលើផ្លូវជាតិ លេខ 06 ចន្លោះគីឡូម៉ែត្រលេខ68-69 ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើង រវាងរថយន្តម៉ាកឡង់គ្រីស័រ570ពណ៌សពាក់ស្លាកលេខ (រដ្ឋសភា6)2-010 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ( រត់បាត់) បើកពីកើតទៅលិច។
ប្រភពដដែលបានបន្តថា ពេលមកដល់កន្លែងកើតហេតុរថយន្តខាងលើ បានបុកម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1Q.0230 បើកបរដោយឈ្មោះ យ៉ុន.រ៉េនភេទប្រុសអាយុ40ឆ្នាំ មានទីលំនៅភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ឌុបមនុស្សស្រីម្នាក់ បើកក្នុងទិសដៅស្របគ្នាពីកើតទៅលិច (ពាក់មួកសុវត្ថិភាព)។
ប៉ូលិសបានបន្តថា ករណីនេះ បណ្តាលឲ្យស្លាប់មនុស្ស01នាក់ ឈ្មោះ ឃីម.រឿន ភេទស្រី អាយុ34 ជាអ្នករួមដំណើរ ជិះពីក្រោយម៉ូតូនិងអ្នកបើកបរម៉ូតូរបួសកម្រិតស្រាល។
ប៉ូលិសបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរថយន្តប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យជ្រុលទៅបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា។
អ្នករបួសបានជួយសង្គ្រោះទាន់ពេលវេលា សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments