វង្ស ណយ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះYodpetch Sor.Somphong នាយប់ថ្ងៃអាទិត្យទី២០ មករា ២០១៩នេះ លើសង្វៀនខារ៉ាបាវស្ទឹងមានជ័យ។វង្ស ណយ និង Yodpetch ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។
Yodpetch នេះ តាមដែលអ្នកផ្គូផ្គងអោយដឹងនោះថា គ្រាន់តែជាអ្នកប្រដាល់ថិតក្នុងកម្រិត B ប៉ុណ្ណោះ អាចនិយាយបានថា យកមកដើម្បីអោយវង្សណយ គេស្តារមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់គេឡើងវិញ ក្រោយពីគេបានបាក់មុខដោយសារតែប្រកួតចាញ់ជាបន្តបន្ទាប់នាពេលចុងក្រោយនេះ ។
គេនៅចាំបានថា កាលពីចុងឆ្នាំ២០១៨កន្លងមកនេះ គេបានផ្តល់ឪកាសអោយវង្ស ណយ៥ដងរួចហើយ ដើម្បីស្តារមុខមាត់ឡើងវិញ តាមរយះអោយវង្ស ណយ ជួបប្រកួតជាមួយថៃ តែក្នុងចំណោម៥នាក់នេះ វង្ស ណយ វាយឈ្នះបានតែម្នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកប្រដាល់ថៃ Yodpetch ដែលមកលើកនេះ មិនដឹងថាប្រវត្តិប្រកួតរបស់គេយ៉ាងណានោះទេ គ្រាន់តែដឹងថាពុំមែនជាអ្នកប្រដាល់ខ្លាំងនោះទេ ។
វង្ស ណយ គេជាអ្នកប្រដាល់ដែលមានប្រជាប្រិយភាព និងនិយមចូលចិត្តពីសំណាក់អ្នកស្នេហាកីឡាប្រដាល់នៅកម្ពុជា ។ វង្សណយ បានស្រុតធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយកេរ្តិ៍ឈ្មោះរបស់គេចង់បាត់សាបសូន្យនោះ ។
Yodpetch បើតាមគេលួចបង្ហើបឲ្យដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ បើតាមកំនត់ត្រាប្រកួតរបស់គេ គឺមិនសមនឹងជួបវង្សណយនោះទេ ព្រោះវង្ស ណយគេមានកំនត់ត្រាប្រកួតចំនួន១៩១លើក ឈ្នះ១២៦លើក ចាញ់៦០លើក និងស្មើ៥លើក ។
អ្នកប្រដាល់ពូកែកែងវង្ស ណយ រូបនេះ ធ្លាប់ប្រកួតជាមួយថៃជោគជាំហើយ គ្រាន់តែជួបប្រកួតក្នុងស្រុក គឺមិនក្រោម៦០នាក់ឡើយ ។ អ្នកប្រដាល់រូបនេះ ខ្លាំងកណ្តាប់ដៃ និងជើង ជង្គង់ ហើយបើជួបដៃគូខ្លាំងតឹងតែង វង្ស ណយក៏អាចវាយប្តូរកែងបានដែរ ។
ចំពោះYodpetch ជាអ្នកប្រដាល់ដែលធ្លាប់ឡើងរេញច្រើនដែរ ប៉ុន្តែមិនជាខ្លាំងប៉ុន្មាននោះទេ ។ ដូចនេះ អាចថាជាម្ហូបដែលយកមកអោយវង្សណយហូប ហើយបើវង្ស ណយ ទទួលទានមិនបានទេនោះ គឺចប់តែម្តង ។
ទោះជាយ៉ាងណា រវាងវង្ស ណយ និង Yodpetch នេះ ការឈ្នះចាញ់នោះ គឺមិនអាចទស្សន៍ទាយមុនបានឡើយ បើទោះជាអ្នកប្រដាល់ថៃនេះ មិនខ្លាំងប៉ុន្មានក៏ដោយ ។
ចំណែក ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ថៃSokhapheapnoy Sor.Jor Pheakuthai ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។
Sokhapheapnoyនេះ ពុំធ្លាប់ដែលមកប្រកួតនៅកម្ពុជាទេ ។ អ្នកប្រដាល់ថៃរូបនេះ ត្រូវបានគេអះអាងថា ជាជើងខ្លាំងនៅស្រុកថៃ ។ តែយ៉ាងណា គេក៏មិនដឹងពីប្រវត្តិប្រកួតរបស់អ្នកប្រដាល់ថៃនេះដែរ ។
ចាន់ ស៊ីណាត ជាជើងឯករងខ្សែក្រវាត់គូបូតាទម្ងន់៥៧គីឡូក្រាម។ ក្នុងទម្ងន់៥៧គ.ក្រនេះ គេធ្លាប់ផ្តួលយកឈ្នះអ្នកប្រដាល់ថៃច្រើននាក់មកហើយកន្លងមក ប៉ុន្តែនៅពេលឡើងវាយទម្ងន់៦០គ.ក្រវិញ ស៊ីណាត ចាញ់ច្រើនជាងឈ្នះ ។ តែយ៉ាងណា ក្នុងការប្រកួតលើកចុងក្រោយនេះ ស៊ីណាត វាយឈ្នះអ្នកប្រដាល់ថៃ Yodpayak ដោយពិន្ទុដោយប្រផុតប្រផើយ ។
ក្នុងស្ថិតិប្រកួត១០៧លើក ស៊ីណាតវាយឈ្នះ ៧៧ លើក ចាញ់២០លើក ស្មើ០៨លើក និង ធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន៣១លើក។ ចាំមើល ចាន់ ស៊ីណាត គេអាចយកឈ្នះអ្នកប្រដាល់ថៃ Sokhapheapnoyនេះ បានឬអត់ ? ។
ចំណែកការប្រកួតរវាងខ្មែរនិងខ្មែរគ្នាឯងវិញ ឯម សុធី អ្នកប្រដាល់ក្លិបថ្មគោលពោធិ សែនជ័យ គេត្រូវជួបជាមួយអ្នកប្រដាល់ជី ឆៃលី សមាគមកីឡាក្រសួងការពារជាតិ ដោយប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម ។ អ្នកប្រដាល់ទាំងពីរនាក់នេះ មិនដែលប៉ះគ្នាទេកន្លងមក ។
រវាងអ្នកប្រដាល់ទាំងពីរនេះ មានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ គ្រាន់តែ ឯម សុធី គេមានទិចនិចប្រកួតច្រើនជាង ឆៃលី តែប៉ុណ្ណោះ ។ ប៉ុន្តែមិនប្រាកដថា ឈ្នះនោះទេ ព្រោះជី ឆៃលី គេក៏មានផ្លែល្អ និងខ្លាំងគួរសមដែរ ។
ឡុង និមិត្ត អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវគេផ្គូអោយជួបប្រកួតជាមួយ គោម ពិសិដ្ឋ អ្នកប្រដាល់ក្លិបអេភូថងកីឡា ។ ពួកគេប្រកួតគ្នាក្នុងទម្ងន់៦៥គីឡូក្រាម ។ ពីរនាក់នេះ ក៏ពុំធ្លាប់ដែលជួបគ្នាដែរពីមុនមក ។ ដូច្នេះការឈ្នះចាញ់ ក៏ពុំអាចទាយមុនបានដែរ ៕
Source: Kampuchea Thmey Daily
0 Comments